(កំពង់ស្ពឺ)៖ ក្រោយទទួលបាន ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុយោដីខេត្តកំពង់ស្ពឺ និងការិយាល័យភូមិបាលស្រុកភ្នំស្រួច ដឹកនាំដោយលោក តាប់ ម៉ាឡៃ បានចុះផ្ទាល់បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យដី ដែលត្រូវចុះបញ្ជីជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងគ្រួសារអតីតយុទ្ធចំនួន៨៧គ្រួសារ ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីជំនាញលើកឡើងថា ទីតាំងខាងលើមានទំនាស់ជាយូរឆ្នាំមកហើយ ក្រោយមានការសម្របសម្រួលរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរងមេបញ្ជាការកងទ័ពជើងគោក ត្រូវបានរាជរដ្ឋាភិបាលសម្រេចចេញ ស.ជ.ណ លេខ២៨៦ ត្រូវឲ្យមានការចេញបណ្ណកម្មសិទ្ធិជូនគ្រួសារអតីយុទ្ធជន និងអង្គភាព។

ជំនាញបានឲ្យដឹងថែមទៀតថា ការបិទផ្សាយជាសាធារណៈរបស់មន្ត្រីសុរិយោដី គឺជានីតិវិធីទុកផ្លូវឲ្យមានការតវ៉ាតាមផ្លូវច្បាប់គ្រប់ក្បាលដីនីមួយៗចៀសវាងខាងជំនាញចេញបណ្ណហើយនាំឲ្យមានទំនាស់ ហើយការបិទផ្សាយនេះ មានបិទនៅទីតាំងដីផ្ទាល់ និងនៅសាលាឃុំ និងនៅសាលាស្រុកផងដែរ៕