(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ លោក ប៊ួយ ថាញ់ ស៊ឺន រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យក្នុងឋានៈជាប្រធាន ASEAN និង AIPA

នៅក្នុងជំនួបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ លោក ប៊ួយ ថាញ់ ស៊ឺន នៅកម្ពុជា ដោយសម្តេចបានបញ្ជាក់ថា នេះជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ រវាងប្រទេសទំាងពីរ ដែលមានជាយូរមកហើយឱ្យកាន់តែប្រសើរខ្លាំងក្លាថែមទៀត។

សម្តេចប្រធានរដ្ឋសភា និងលោក ប៊ួយ ថាញ់ ស៊ឺន បានអបអរសាទរចំពោះខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំនេះ។ លោក ប៊ួយ ថាញ់ ស៊ឺន បានសម្តែងការអបអរសាទរនិងក្តីរីករាយជាទីបំផុត ចំពោះការរីកចម្រើនរបស់កម្ពុជាឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនៅលើគ្រប់វិស័យ។

នៅក្នុងជំនួបនេះលោក ប៊ួយ ថាញ់ ស៊ឺន បានជម្រាបជូនសម្តេច ពីលទ្ធផលការងារជាច្រើន ដែលសម្រេចបាននៅក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ដោយលោកបាន ចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចប្រធានព្រឹទ្ធសភា និងបានពិភាក្សាការងារទ្វេភាគីជាមួយ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជាផងដែរ។

លោក ប៊ួយ ថាញ់ ស៊ឺន បានគោរពស្នើសូមសម្តេចប្រធានរដ្ឋសភា ជួយជំរុញដល់ការពង្រឹងកិច្ចសហប្រតិបត្តិរវាងស្ថាប័នរដ្ឋសភាប្រទេសទំាងពីរ តាមការបង្កើនឱ្យមាន ដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកឱ្យបានញឹកញាប់ ទំាងក្នុងក្របខណ្ឌសមាជិកសភាវ័យក្មេង ក្រុមមិត្តភាពសភា និងសមាជិកសភាស្រ្តី។

លោកក៏បានស្នើសុំសម្តេច ជួយសម្រួលនិងបង្កើនយន្តការដល់សកម្មភាពធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទំាងពីរឱ្យកាន់តែមានកំណើនឡើង និងបានគោរព ស្នើសម្តេច ជំរុញនិងលើកកម្ពស់ការគំាទ្រគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរ នៅលើវេទិការអន្តរជាតិនានាដូចជា APA, AIPA, IPU, APPF ជាដើម។

លោក ប៊ួយ ថាញ់ ស៊ឺន ក៏បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យនៅក្នុងឋានៈជាប្រធានASEAN និង AIPA នៅឆ្នាំនេះ ហើយភាគីវៀតណាមគំាទ្របេសកកម្ម ដ៏ឧត្តុង្គឧត្តមរបស់កម្ពុជា។ តាងនាមថ្នាក់ដឹកនាំប្រទេសវៀតណាម លោក ប៊ួយ ថាញ់ ស៊ឺន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលវេលាសមស្របណាមួយ។

ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានទទួលយកសំណើររបស់ភាគីវៀតណាម និងបានសន្យាថា សម្តេចនឹងដឹកនាំគណៈប្រតិភូទៅបំពេញ ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅពេលវេលាសមស្របណាមួយផងដែរ៕