(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាមចូលមកដល់ នាពេលខាងមុខនេះ ក៏ដូចជា ការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មាធិការផ្សារទួលគោក បានប្រតិបត្តិការចុះត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ ផលិតផលប្រើប្រាស់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ នៅផ្សារទួលគោក ហាងលក់ទំនិញ និងនៅឱសថស្ថានមួយចំនួន លក់អាល់កុល ជុំវិញ ផ្សារអូឡាំពិច ដើម្បីចៀសវាងការខាតបង់ផលប្រយោជន៍ និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លោក ហេង មាលី ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលចុះប្រតិបត្តិការនេះ បានឲ្យដឹងថា ជាលទ្ធផល ពុំបានរកឃើញមានសារធាតុគីមីហាមឃាត់ទេ ប៉ុន្តែផលិតផលប្រើប្រាស់ចម្រុះ ចំនួន ២៤៧គីឡូក្រាម ហួសកាលបរិច្ឆេទ កំពិត ប៉ោង ខូចគុណភាព និងមេតាណុល៤៧លីត្រ ត្រូវបានដកហូត ដោយទទួលការពិន័យអន្តរការណ៍។

លោកប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. គ្រប់សាខារាជធានី-ខេត្ត នឹងបន្តចុះអនុវត្តជាប្រចាំត្រួតពិនិត្យផលិតផលទំនិញ អង្កេត ស្រាវជ្រាវ តាមបណ្តាទីផ្សារ ហាងលក់ទំនិញ កន្លែងលក់ទំនិញនៅតាមទីសាធារណៈនានា ដោយអនុវត្តតាមតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិ ពាក់ព័ន្ធ នឹងគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខមាលភាព និង ផលប្រយោជន៍អ្នកប្រើប្រាស់។

លោកប្រធានសាខា ក៏បានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា៕