(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានបង្ហាញការប្រតិកម្មខ្លាំងៗចំពោះសម្តីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដោយហ៊ានវាយប្រហារចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានហៅលោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ជាអ្នកការទូតមិនយល់ពីសិល្បៈការទូត ហើយព្រហើនហ៊ានប្រើសម្តីវាយប្រហារលើប្រធានអាស៊ាន។

ប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានកើតមានឡើង បន្ទាប់ពីលោក Saifuddin Abdullah បានផ្តល់បទសម្ភាសន៍ជាមួយព័ត៌មាន Aljazeera ដោយបានវាយប្រហារទៅលើដំណើរទស្សនកិច្ចរបស់ម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងទៅនេះ។

ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី នាព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ញើសារទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ដោយស្នើរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បញ្ជូនសារប្រតិកម្មរបស់សម្តេចបន្តទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅក្រោយជំនួប។

លោក កៅ គឹមហួន បានគូសបញ្ជាក់ដូច្នេះ «សម្តេចតេជោនាយរកដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ថ្វីត្បិតរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ធ្លាប់ធ្វើការងារក្នុងក្របខណ្ឌគណបក្សប្រឆាំងនាពេលកន្លងទៅនេះក៏ដោយ ប៉ុន្តែគាត់មិនគួរណាក្នុងនាមជារដ្ឋមន្ត្រីការបរទេស និងជាអ្នកការទូតមួយរូប បែរជាប្រើពាក្យសំដីព្រហើនជាមួយប្រធានអាស៊ាន ក៏ដូចជាប្រមុខរដ្ឋាភិបាលអាស៊ាន ដែលពុំមានប្រើប្រាស់ភាសាការទូតសោះឡើយ»

លោក កៅ គឹមហួន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ដែលបានជជែកជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី មកបញ្ជាក់ទៀតថា «ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ខែមករា កន្លងទៅនេះ គឺដើម្បីដាំដើមឈើ មិនមែនទៅកាប់ឈើទេ។ ហើយការដាំដើមឈើនេះ មិនមែនដាំមួយថ្ងៃហើយរំពឹងថាបានផ្លែផ្កាភ្លាមនេះទេ ព្រោះទាមទារពេលវេលា ដំណោះស្រាយនយោបាយដែលមានលក្ខណៈយូរអង្វែង គឺទាមទារពេលវេលា និងធ្វើការឱ្យបានគ្រប់ជ្រុងជ្រោយ»

បើតាមលោក កៅ គឹមហួន ក្នុងជំនួបនេះ សម្តេចតេជោ បានប្រាប់ប្រធានាធិបតីឥណ្ឌូនេស៊ីថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី មិនយល់ពីសិល្បៈនៃការទូតនោះឡើយ។

បើតាមលោក កៅ គឹមហួន នៅក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាដំណើរធ្វើឡើងភ្លាមៗ ហើយក៏ទទួលបានលទ្ធផលមួយចំនួនផងដែរ។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះ គឺការយល់ព្រមបញ្ឈប់អំពើហិង្សា និងការបាញ់គ្នារហូតទៅដល់ចុងឆ្នាំ២០២២ និងការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលត្រូវការជំនួយជាចាំបាច់។

ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងប្រធានាធិបតីឥណ្ឌូនេស៊ី បានលើកឡើងអំពីការបង្កើតជាយន្តការ «អាស៊ាន-ត្រយការ» ដើម្បីចូលរួមដោះស្រាយមីយ៉ាន់ម៉ា និងគំនិតផ្ដួចផ្ដើមរបស់ឥណ្ឌូនេស៊ី ដែលចង់បង្កើតក្រុមអ្នកសង្កេតការណ៍ដោយប្រើប្រាស់មន្ត្រីស្ថានទូតរបស់បណ្ដាប្រទេសអាស៊ានប្រចាំនៅទីក្រុងយុាំងហ្គូន។

ពាក់ព័ន្ធនឹងយន្តការនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើសុំឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំគ្នានៅពេលខាងមុខ ដើម្បីពិភាក្សា និងរកមធ្យោបាយក្នុងការជំរុញការងារនេះ។

ប្រធានាធិបតីឥណ្ឌូនេស៊ី ចាត់ទុកអ្វីដែលសម្តេចបានធ្វើ និងកំពុងជំរុញលើដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា គឺមានអត្ថប្រយោជន៍ ប៉ុន្តែត្រូវបន្តអនុវត្តនូវគោលការណ៍ឯកច្ឆន្ទទាំង៥ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេច ធ្វើយ៉ាងណាជំរុញឱ្យភាគីមីយ៉ាន់ម៉ា អនុវត្តទៅតាមផែនការទាំង៥នោះ។

លោក ចូកូ វីដូដូ បានលើកឡើងដែរថា រាល់ដំណោះស្រាយ ត្រូវមានការចូលរួមដោយភាគីទាំងអស់ ដូចដែលសម្ដេចធ្លាប់លើកមកហើយ គឺថាការបង្រួបបង្រួមជាតិ រកដំណោះស្រាយ ត្រូវតែមានការចូលរួមពីភាគីទាំងអស់។

នៅក្នុងជំនួប ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានលើកឡើងដែរថា ឥណ្ឌូនេស៊ី ពិតជាគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការងារនេះ។ រីឯចំណុចផ្ដួចផ្ដើមផ្សេងទៀតដូចជា «អាស៊ាន-ត្រូយការ» និងយន្តការផ្សេងទៀតនេះ នឹងពិភាក្សាឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នា ដើម្បីរកមធ្យោបាយក្នុងការជំរុញការងារទៅមុខទៀត៕