(ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោកសាស្រ្តាចារ្យ Huang Luqi ស្នងការរងរដ្ឋបាលជាតិវេជ្ជសាស្រ្តបុរាណចិន និងជាប្រធានបណ្ឌិតសភាចិន នៃវិទ្យាសាស្រ្តវេជ្ជសាស្ត្រចិន បានមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៦ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវេជ្ជសាស្រ្តបុរាណ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ច គណៈប្រតិភូជាន់ខ្ពស់ចិន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ នឹងជួបពិភាក្សាជាមួយ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិនព្យាបាលជំងឺកូវីដ-១៩ មកកម្ពុជា រយៈពេល ១ឆ្នាំ ដើម្បីជួយពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលកម្ពុជា ក្នុងការប្រើប្រាស់វេជ្ជសាស្រ្តបុរាណចិនសម្រាប់ព្យាបាលជំងឺកូវីដ-១៩។

លោកស្រី យក់ សម្បត្តិ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ថ្លែងអំណរគុណ និងការកោតសរសើរ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាមកបំពេញទស្សនកិច្ចនៅកម្ពុជា និងផ្តល់ការគាំទ្របង្កើនសមត្ថភាព មន្ត្រីសុខាភិបាលកម្ពុជាលើផ្នែកវេជ្ជសាស្រ្តបុរាណ។ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានជូនពរឱ្យគណៈប្រតិភូទាំងអស់ស្នាក់នៅកម្ពុជាដោយសុខសុវត្ថិភាព និងសូមឲ្យមានអារម្ភថា ការស្នាក់នៅកម្ពុជាក៏ដូចជានៅប្រទេសចិនដែរ៕