(ភ្នំពេញ)៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានឡើងរាយការណ៍សង្ខេប អំពីលទ្ធផលសម្រេចបាន នាឆ្នាំកន្លងមក ជាពិសេសលទ្ធផលនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃកន្លងមកនេះ ដោយបានរំលេចពីសមិទ្ធផលសំខាន់ៗទាក់ទងនឹងការស្តារព្រៃឈើឡើងវិញ បន្តពង្រឹង ការអនុវត្តច្បាប់ ស្តីពីព្រៃឈើ ការបង្កើត ពង្រឹង និងបង្កើនជីវភាពសហគមន៍ព្រៃឈើ ការអនុវត្តវិធានការយ៉ាងម៉ឺងមាត់ក្នុងការគ្រប់គ្រង និងទប់ស្កាត់បទល្មើសព្រៃឈើ ការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងព្រៃបម្រុងទុក ការបង្កើតតំបន់ព្រៃសម្រាប់អភិរក្សធនធានពន្ធុរុក្ខជាតិ និងសត្វព្រៃ ព្រមទាំងបោះ បង្គោលព្រំប្រទល់ព្រៃបម្រុងទុកអចិន្ត្រៃយ៍ ការដាំឈើនៅ តាមស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ការចែកកូនឈើជូនប្រជាពលរដ្ឋ និងដាំកូនឈើតាមទីសាធារណៈនិងទីតាំងផ្សេងៗ។

សកម្មភាពរួមដែលរដ្ឋបាលព្រៃឈើបានអនុវត្តកន្លងមក បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលព្រៃឈើក្នុងការ អនុវត្តគោលនយោបាយកំណែ ទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលដោយបានដាក់ចេញនូវបទបញ្ជាសំខាន់៣ រួមមាន ១៖ ការគ្រប់គ្រងធនធានព្រៃឈើ ព្រៃបម្រុងទុកសម្រាប់ការប្រើប្រាស់ក្នុងស្រុក រួមចំណែកទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ ពិសេសការប្រែប្រួលអាកាសធាតុ ការត្រួតពិនិត្យ និងគ្រប់គ្រងការធ្វើអាជីវកម្មព្រៃឈើ, ទី២៖ ការពារធនធានធម្មជាតិ ជីវៈចម្រុះ និងប្រភេទឈើជិតផុតពូជ និងទី៣៖ លើកកម្ពស់ការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ព្រៃឈើដោយឆន្ទៈម្ចាស់ការ និងតម្លាភាព។

ការគ្រប់គ្រងធនធានធម្មជាតិទាំងអស់នេះ ឱ្យបានគង់វង្ស ចីរភាព និងនិរន្តរភាព និងជាពិសេសការខិតខំប្រឹងប្រែងរួបរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការទន្រ្ទាន យកដី កាន់កាប់ខុសច្បាប់ ការធ្វើអាជីវកម្មឈើ និងសត្វព្រៃខុសច្បាប់ ការប្រើប្រាស់សម្បទានដីសេដ្ឋកិច្ចខុសពីគោលការណ៍ ភាពឆកល្វែងនៃការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាកម្មវត្ថុដ៏សំខាន់ដែលត្រូវលើកកម្ពស់ស្មារតីទទួល ខុសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស៊ីជម្រៅទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងឆ្នាំ២០២២៕