(ភ្នំពេញ)៖ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា គោលដៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះប្រទេសមីយ៉ាន់ម៉ា នោះគឺការផ្សាភ្ជាប់ជាមួយមីយ៉ាន់ម៉ា ប្រកបដោយលក្ខណៈស្ថាបនា ព្រោះមីយ៉ាន់ម៉ាមិនអាចត្រូវបានដាក់ ឲ្យនៅឯកោនោះឡើយ។

ការថ្លែងដោយមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាដូចខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មានអាមេរិក CNBC International នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២។

លោក កៅ គឹមហួន បានលើកឡើងថា «ទីមួយ, មីយ៉ាន់ម៉ាជាសមាជិករបស់អាស៊ាន ដូច្នេះអាស៊ានត្រូវការសាមគ្គីភាព និងឯកភាព ដើម្បីធ្វើការជាមួយគ្នា។ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា តម្រូវឲ្យយើងរក្សាកិច្ចសន្ទនាដោយបើកចំហ។ ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី បានផ្តោតទៅលើបទឈប់បាញ់ និងបានស្នើឲ្យមេដឹកនាំយោធា រក្សាបទឈប់បាញ់ ហើយពួកគេក៏បានយល់ព្រម ក្នុងការរក្សាវា (បទឈប់បាញ់) រហូតដល់ដំណាច់ឆ្នាំនេះផងដែរ»

លោករដ្ឋមន្ត្រី កៅ គឹមហួន បានបន្តទៀតថា «ទីពីរ, ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី បានស្ថិតក្នុងគោលបំណង បើកចំហទ្វារសម្រាប់បេសកជនពិសេស នៃប្រធានអាស៊ាន។ ទីបី, ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី គឺដើម្បីផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការ»

លោក កៅ គឹមហួន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងកិច្ចព្រមព្រៀង ៥ចំណុច ដែលមេដឹកនាំអាស៊ានសម្រេចបាន កាលពីខែមេសា ឆ្នាំមុន ចំណុចមួយក្នុងចំណោមនោះ គឺ ត្រូវធ្វើឱ្យប្រាកដថា យើងបញ្ឈប់អំពើហិង្សាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ហើយចាប់ផ្តើមកិច្ចសន្ទនាមួយ។ ជាពិសេស ចាំបាច់ត្រូវមានបេសកជនពិសេសអាស៊ាន ដើម្បីជួបភាគីពាក់ព័ន្ធទាំងអស់ ជាលក្ខណៈរួបរួមគ្នា និងធ្វើឱ្យប្រាកដថា ប្រជាជនភូមាទទួលបានជំនួយមនុស្សធម៌»

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ជាចុងក្រោយថា «នាយករដ្ឋមន្ត្រីរបស់ខ្ញុំបានស្នើរួចហើយ ដើម្បីឱ្យមានយន្តការ ត្រយកា (ASEAN Troika) ដែលរួមមានកម្ពុជាជាប្រធានអាស៊ានបច្ចុប្បន្ន ប្រ៊ុយណេជាអតីតប្រធាន និងឥណ្ឌូណេស៊ីជាប្រធានបន្ទាប់ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន ដើម្បីតាមដានវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀង ៥ចំណុច»