(ព្រះសីហនុ)៖ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ បានរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលទេសចរណ៍ ដើម្បីផ្តល់ឱកាសឱ្យប្រតិបត្តិករ និងអ្នករកស៊ីលើវិស័យទេសចរណ៍មានឱកាសបង្ហាញ និងលក់ផលិតផលទេសចរណ៍របស់ពួកគេ។

អ្នករកស៊ីលើវិស័យទេសចរណ៍ផ្នែកសណ្ឋាគារ អ្នកផ្តល់សេវាកម្មរៀបចំដំណើរកម្សាន្ត និងការដឹកជញ្ជូនអ្នកទេសចរជាដើម បានចូលតាំងបង្ហាញនូវសេវាកម្មរបស់ពួកគេក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នាខេត្តព្រះសីហនុនៅក្នុងសប្តាហ៍នេះ។

ក្រុមអ្នករកស៊ីលើវិស័យទេសចរណ៍ ដែលបានចូលរួមក្នុងពិធីតាំងពិព័រណ៍អាស៊ាន បានស្វាគមន៍ចំពោះការរៀបចំពិព័រណ៍នេះ ហើយមានក្តីរំពឹងថា តាមរយៈពិព័រណ៍នេះនឹងរួមចំណែកឱ្យវិស័យទេសចរណ៍នៅកម្ពុជាដែលបានជួបការលំបាកដោយសារជំងឺកូវីដ១៩រយៈពេលពីរឆ្នាំមកហើយនោះ មានភាពល្អប្រសើរឡើងវិញ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បាននាំយកសមាជិកសមាគមរបស់ខ្លួនប្រមាណ ៣០ក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ទេសចរណ៍អាស៊ាន។ ក្រុមហ៊ុនដែលបានចូលរួម មានដូចជាអ្នកបដិសណ្ឋារកិច្ច អ្នកផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវ សេវាកម្មដឹកនាំភ្ញៀវ ជាទីភ្នាក់ងារទេសចរណ៍ និងជាអ្នកច្នៃកញ្ចប់សេវាទេសចរណ៍ជាដើម។

លោកស្រី បានឱ្យដឹងថា នៅក្នុងពិព័រណ៍នេះ អ្នកចូលរួមទទួលបានកិច្ចសន្ទនា ការស្វែងរកដៃគូ ជាមួយប្រតិបត្តិករទេសចរណ៍ដែលមកពីប្រទេសផ្សេងៗ ហើយបានជួបប្រាស្រ័យទាក់ទងក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងការធ្វើធុរកិច្ចក្នុងវិស័យទេសចរណ៍។

លោកស្រី ឆាយ ស៊ីវលីន បានគូសបញ្ជាក់យ៉ាងដូច្នេះ «វេទិកានេះ បានផ្តល់ឱ្យកម្ពុជាយើង បានបង្ហាញសក្តានុពលនៃតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា បានបង្ហាញនូវវប្បធម៌ បានបង្ហាញនូវទំនៀមទម្លាប់ បង្ហាញនូវប្រពៃណី បានបង្ហាញពីអត្តចរិតរបស់កម្ពុជា ភាពញញឹមរបស់កម្ពុជា ឱ្យពិភពលោកបានឃើញ។ យើងមានឱកាសផ្សព្វផ្សាយនូវអ្វីដែលកម្ពុជាមាន»

សណ្ឋាគារអេមព្រឹសអង្គរ ដែលសណ្ឋាគារលំដាប់ផ្កាយ៥នៅកណ្តាលក្រុងសៀមរាប ហើយបានប្រឹងប្រែងឈរជើងជាមួយវិបត្តិជំងឺកូវីដ១៩ ដ៏លំបាករយៈពេលពីរឆ្នាំមកហើយនោះ ក៏បានស្វែងរកឱកាសប្រមូលភ្ញៀវពីការតាំងពិព័រណ៍អាស៊ាននៅខេត្តព្រះសីហនុផងដែរ។

លោក ស៊ូ សាយ អ្នកចាត់ការទូទៅសណ្ឋាគារអេមព្រឹសអង្គរ បានឱ្យដឹងថា សណ្ឋាគារអេមព្រឹសអង្គរមានបន្ទប់ស្នាក់នៅរហូតដល់ទៅ ៣៩១បន្ទប់ ហើយមានផ្តល់សេវាស្នាក់នៅ ម្ហូបអាហារ និងស្ពាជាដើម។ លោក បានលើកឡើងថា រយៈពេលពីរឆ្នាំនៃការរាតត្បាតជំងឺកូវីដ១៩ បានធ្វើសណ្ឋាគារជួបវិបត្តិខ្លាំង តែសណ្ឋាគារបានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីស្វែងរកភ្ញៀវ និងទប់ទល់នឹងស្ថានភាពដ៏លំបាក់នោះ។

លោក ស៊ូ សាយ បានស្វាគមន៍ចំពោះការរៀបចំឱ្យមានពិព័រណ៍អាស៊ាននៅខេត្តព្រះសីហនុ។ អ្នកចាត់ការទូទៅសណ្ឋាគារលំដាប់ផ្កាយ៥កណ្តាលក្រុងសៀមរាបរូបនេះ មានក្តីរំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍អាស៊ាន នឹងជាព្រឹត្តិការណ៍មួយរួមចំណែកឱ្យមានភាពប្រសើរឡើងវិញនៃវិស័យសណ្ឋាគារ។

«យើងជឿជាក់ថា កំណើនទេសចរនឹងមាននាពេលអនាគត ហើយជាអត្ថប្រយោជន៍សម្រាប់អ្នករកទទួលទានផ្នែកទេសចរណ៍។ ខ្ញុំជឿជាក់ថា វេទិកានេះជាឱកាសដ៏ល្អមួយសម្រាប់ពួកយើងទាំងអស់គ្នា ដែលរកទទួលទានលើវិស័យទេសចរណ៍»។ នេះជាការបញ្ជាក់របស់លោក ស៊ូ សាយ។

លោក ស៊ូ សាយ ហៅធំ បានគូសបញ្ជាក់ទៀតថា «ជាការពិតណាស់ព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននេះ បានផ្តល់ឱកាសច្រើនសម្រាប់ជួបជាមួយភ្នាក់ងារអ្នកទិញមកពីគ្រប់បណ្តាប្រទេស ជាពិសេសនៅក្នុងអាស៊ាន ដោយយើងបានណាត់ជួបគាត់ ពិភាក្សាគ្នាពីការផ្លាស់ប្តូរទេសចរណ៍ ជាពិសេសកញ្ចប់ទេសចរណ៍ក្រុមហ៊ុនដែលគាត់បានចូលរួម»

សណ្ឋាគារនៅក្នុងខេត្តសៀមរាបមួយទៀត ដែលជាសណ្ឋាគារបានប្រឹងប្រែងឈរជើងក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិជំងឺកូវីដ១៩ដែរនោះ គឺសណ្ឋាគារស្តារីអង្គរ ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍អាស៊ាននេះផងដែរ។

អ្នកនាង សេង ស្រីរិទ្ធ ប្រធានផ្នែកលក់ និងទីផ្សារឱ្យសណ្ឋាគារស្តារីអង្គរ បានឱ្យដឹងថា សណ្ឋាគារស្តារីអង្គរ ចាប់ផ្តើមទទួលបានភ្ញៀវជាបណ្តើរៗវិញហើយ ចាប់តាំងពីរាជរដ្ឋាភិបាលបើកឱ្យការធ្វើដំណើរទូលំទូលាយតាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក។ អ្នកនាង សេង ស្រីរិទ្ធ ចាត់ទុកព្រឹត្តិការណ៍ពិព័រណ៍អាស៊ានជាឱកាសមួយបន្ថែមទៀត សម្រាប់សណ្ឋាគារស្តារីអង្គរ ស្វះស្វែងរកភ្ញៀវ ក៏ដូចជាដៃគូសហការ។

អ្នកនាង សេង ស្រីរិទ្ធ បានបញ្ជាក់បែបនេះ «ពេលខ្ញុំបានមកចូលរួមព្រឹត្តិការណ៍វេទិកាអាស៊ានលើកទី៤០ នៅខេត្តព្រះសីហនុ សម្រាប់ចំណាប់អារម្មណ៍ខ្ញុំ គឺវាមានភាពប្រសើរច្រើន ដោយសារយើងមើលឃើញពីសក្តានុពលនៃភ្ញៀវទេសចររបស់យើងចាប់ផ្តើមកម្រើកឡើងមកវិញ។ ខ្ញុំគិតថា វាប្រសើរមែនទែន ដែលរាជរដ្ឋាភិបាលរៀបចំកម្មវិធីនេះឡើង គឺជួយដល់វិស័យទេសចរណ៍របស់ពួកខ្ញុំច្រើនក្នុងការប្រម៉ូតឱ្យមានសកម្មភាពឡើងមកវិញ។ វាជាឱកាសបើកមុខមាត់សណ្ឋាគារយើងឡើងមកវិញ ហើយយើងនឹងប្រម៉ូតជាមួយភ្ញៀវឡើងមកវិញ»

លោក ថន ស៊ីណាន ប្រធាន សមាគម ទេសចរណ៍ អាស៊ី ប៉ាស៊ីហ្វិក ក៏បានដឹកនាំសមាជិកសមាគមរបស់ខ្លួនប្រមាណជា ២០ក្រុមហ៊ុនចូលរួមពិព័រណ៍នេះផងដែរ។ លោកក៏បានសម្តែងក្តីរីករាយចំពោះការរៀបចំឱ្យមានព្រឹត្តិការណ៍ពិព័រណ៍អាស៊ាននេះផងដែរ។

លោក ថន ស៊ីណា បានគូសបញ្ជាក់បែបនេះ «ជាឱកាសខ្លាំងមែនទែន ពីព្រោះវេទិកាទេសចរណ៍អាស៊ាននេះ កម្ពុជាយើងបានបំបែកកំណត់ត្រាពិភពលោកមួយ។ អ៊ីចឹងសម្រាប់ខ្ញុំមានតម្លៃខ្លាំងនៅត្រង់ថា នៅប្លុកអាស៊ានទាំង១០ មិនទាន់មានប្រទេសណាមួយមានសេចក្តីក្លាហានក្នុងការរៀបចំតាំងពិព័រណ៍អន្តរជាតិនេះទេ មានតែកម្ពុជាមួយគត់ ដែលមានសេចក្តីក្លាហានក្នុងការរៀបចំពិព័រណ៍។ អ៊ីចឹងនេះ ជាវេទិកាសម្រាប់ផ្តល់ការផ្លាស់ប្តូរចំណេះដឹង វេទិកាផ្លាស់ប្តូរទំនាក់ទំនង និងពាណិជ្ជកម្ម»។

ទាំងខាងសមាគម និងអ្នករកទទួលទានលើវិស័យទេសចរណ៍ដែលបានចូលរួមការតាំងពិព័រណ៍នេះ សុទ្ធតែបានបង្ហាញនូវក្តីសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងនាំមកនូវភាពប្រសើរលើវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាពីវិបត្តិជំងឺកូវីដ១៩។

អ្នកនាង សេង ស្រីរិទ្ធ បានលើកឡើងដូច្នេះ «អ្វីដែលយើងរំពឹងទុកចេញពីព្រឹត្តិការណ៍មួយនេះ គឺការប្រម៉ូតសណ្ឋាគាររបស់យើងឡើងវិញ ហើយយើងសង្ឃឹមថា យើងនឹងមានដំណើរការហោះហើរត្រឡប់មកវិញ»

លោក ថន ស៊ីណា បានបង្ហាញក្តីរំពឹងទុករបស់ខ្លួនយ៉ាងដូច្នេះ «ពួកយើងមានក្តីរំពឹងខ្ពស់ថា ទេសចរណ៍ចាប់ពីពេលនេះទៅ នឹងមានការប្រែមុខមាត់ថ្មី ហើយខ្ញុំជឿងថា ចរន្តទេសចរណ៍តិច ឬច្រើន នឹងចាប់ផ្តើមឡើងវិញ»