(ភ្នំពេញ)៖ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងក្នុងបេសកកម្មការងារសិទ្ធិមនុស្សនាពេលកន្លងមក ដោយទទួលបានសមិទ្ធផលជាច្រើន។

ការវាយតម្លៃបែបនេះ របស់ឯកអគ្គរដ្ឋទូតបារាំង បានធ្វើឡើងនៅក្នុងជំនួបជាលើកដំបូង រវាងលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោកស្រី ម៉ិញ ឌីតាំង ប្រធានផ្នែកអាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេសបារាំង និងលោក ហ៊ូហ្គូ វ៉ាវរីន លេខាទី១ ស្ថានទូតបារាំង នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួនដូចខាងក្រោម៖

ទី១៖ បញ្ហាទាក់ទងនឹងសិទ្ធិមនុស្ស
ទី២៖ បេសកកម្មការងាររបស់គណៈកម្មាធិការសិទ្ធិមនុស្ស
និងទី៣៖ អំពីអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។

លោក ហ្សាក់ ប៉ឺឡេ ក៏បានលើកឡើងថា ការងារសិទ្ធិមនុស្ស គឺជាការងារមួយដែលមានការពាក់ព័ន្ធជាអន្តរវិស័យ និងមិនមានភាពងាយស្រួលនោះទេ ដែលទាមទារនូវការយកចិត្តទុកដាក់ខ្ពស់។

ឯកអគ្គរដ្ឋទូតរំពឹងថា នឹងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងប្រសើរឡើងថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ក្នុងវិស័យសិទ្ធិមនុស្ស។

នាឱកាសនោះដែរ លោក កែវ រ៉េមី បានជម្រាបជូនពីវឌ្ឍនភាពដ៏ល្អប្រសើរនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសក្នុងកំឡុងពេលនៃរីករាលដាលនៃជំងឺកូវីដ១៩។

លោក កែវ រ៉េមី ក៏បានជម្រាបជូនផងដែរនូវបេសកកម្មការងារ និងសមិទ្ធផលស្នាដៃរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការងារសរសេររបាយការណ៍ជាតិសិទ្ធិមនុស្ស ការងារស៊ើបអង្កេត យន្តការទទួល និងដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស និងការផ្ដល់ជំនួយផ្នែកច្បាប់ដោយមិនគិតថ្លៃ។

ដោយឡែកចំពោះកិច្ចការនៃសាលាក្តីខ្មែរក្រហម លោកបានជម្រាបជូននូវសមិទ្ធផល និងជោគជ័យធំៗចំនួន៥ គួរឱ្យកត់សម្គាល់របស់សាលាក្ដីកូនកាត់មួយនេះទី១៖ បានក្លាយជាតុលាការអន្តរជាតិគំរូដែលប្រទេសមួយចំនួនកំពុងរៀនសូត្រតាមរួមមានប្រទេសបង់ក្លាដេស កេនយ៉ា សេនេហ្គាល់ ស្រីលង្កា និងអាហ្វ្រិកកណ្ដាល, ទី២៖ ជាតុលាការអន្តរជាតិ ដែលប្រើប្រាស់ថវិកាតិចជាងគេ (ជាង២០លានដុល្លារក្នុងមួយឆ្នាំ បើធៀបទៅតុលាការអន្តរជាតិផ្សេងទៀត បានប្រើប្រាស់ថវិកា១០០លានដុល្លារក្នុងមួយឆ្នាំ), ទី៣៖ ជាតុលាការដែលអនុញ្ញាតឱ្យមានការចូលរួមស្ដាប់សវនាការពីដើមបណ្ដឹងរដ្ឋប្បវេណី មានចំនួនច្រើនជាងគេ, ទី៤៖ បានបន្សល់នូវកេរ្តិ៍ដំណែលសម្រាប់ការបង្កើតនូវរដ្ឋបាលតុលាការ នៃប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់នៅកម្ពុជា និងទី៥៖ ដំណើរការតុលាការនេះបានបង្ហាញនូវភាពម្ចាស់ការ និងការដឹកនាំរបស់កម្ពុជា ដែលនាំមកនូវការបង្រួបបង្រួម និងផ្សះផ្សាជាតិ និងអធិបតេយ្យភាពជាតិ៕