(ភ្នំពេញ)៖ យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានចេញសារពិសេសណែនាំ ឲ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) បន្ទាប់ពីឃើញស្ថានភាពជំងឺនែះ មិនមានសភាពធ្ងន់ធ្ងរ។

នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសអំពីការធ្វើបច្ចុប្បន្នភាពនីតិវីធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជាទាំងអស់៖

* ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ អវិជ្ជមាន ត្រូវបានអនុញ្ញា តឱ្យធ្វើដំណើរធម្មតា។ សម្រាប់អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដាន និងត្រួតពិនិត្យសុខភាព។

* ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ វិជ្ជមាន ត្រូវយកសំណាកធ្វើតេស្ត PCR បញ្ជាក់ និងធ្វើ Sequencing រកប្រភេទវីរុស ព្រមទាំងត្រូវស្នាក់នៅដាច់ដោយឡែក ដោយអនុវត្តដូចខាងក្រោម៖

១៖ សម្រាប់ជនបរទេសទាំងអស់ដែលចូលមកព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យព្យាបាលនៅសណ្ឋាគារ ឬនិវេសនដ្ឋានរបស់ស្ថានទូត ឬទីកន្លែងដែលពួកគាត់ជ្រើសរើស ដោយពុំចាំបាច់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ របស់រដ្ឋទេ។

២៖ សម្រាប់ជនជាតិខ្មែរ ទាំងអ្នកមកពីបរទេស និងអ្នកនៅក្នុងប្រទេស អនុញ្ញាតឱ្យស្នាក់នៅព្យាបាលតាមផ្ទះ ដូចករណីអ្នកជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា ឬដែលតា ដែរ ដោយគោរពតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យា បាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ។ ប្រសិន បើ មា នកត្តាហានិភ័យសុខភាព អ្នកជំ ងឺអាចធ្វើការជ្រើសរើសធ្វើការព្យាបាលនៅមន្ទីរពេ ទ្យ ឬមណ្ឌលព្យា បាលជំងឺកូវីដ-១៩ រដ្ឋ ឬឯកជន ដែលទទួលបានការអនុញ្ញាតឱ្យព្យាបាលជំងឺកូវីដ-១៩។

៣៖ ចំពោះអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ជាជនបរទេស ឬជនជាតិខ្មែរ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ប្រសិនជាមានបំណងចាកចេញទៅព្យាបាលនៅតាមផ្ទះ ឬ សណ្ឋាគារ ត្រូវបានអនុញ្ញាតឱ្យចាកចេញចាប់ពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នេះតទៅ។ ក្នុងករណីដែលអ្នកជំងឺមានគេហដ្ឋានសមរម្យ អាចស្នាក់នៅព្យាបាលដាច់ដោយឡែកពីក្រុមគ្រួសារ និងត្រូវគោរពតាមនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយមានការចូលរួមសហការរាយការណ៍ជូនដល់អាជ្ញាធរមូលដ្ឋាន៕