(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី (ខេមបូឌា) បានចុះអនុស្សារណៈយោគយល់ជាមួយគ្នា ដោយបើកផ្លូវឱ្យមានការលក់ផលិតផលរបស់ខ្មែរនៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី។ នេះជាកិច្ចប្រឹងប្រែងមួយបន្ថែមទៀតរបស់ក្រសួងពាណិជ្ជកម្មក្នុងការរកទីផ្សារ និងជំរុញការលក់ផលិតផលរបស់ខ្មែរ។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ បានធ្វើឡើងនៅរសៀលថ្ងៃសុក្រទី២១ ខែមករា ឆ្នាំ២០២២ ធ្វើឡើងរវាងលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Nuttapong Kaewtrakulpong អភិបាលក្រុមហ៊ុនភីធីធី (ខេមបូឌា) ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា អនុស្សរណៈនេះ គឺជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរលើទីផ្សារក្នុងស្រុក អភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍ ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើននិងកសាងសមត្ថភាពសហគ្រិន ក៏ដូចជាបង្កើតឱកាសធុរកិច្ចសម្រាប់ចូលរួមអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមកម្ពុជាប្រកបដោយបរិយាប័ន្ន។

ក្រសួងបានបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច ជាពិសេសជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយក្នុងស្រទាប់មហាជន ព្រមទាំងជំរុញឱ្យមានទីផ្សារសម្បូរបែបសម្រាប់ផលិតផលក្នុងស្រុក។

បើតាមក្រសួងពាណិជ្ជ បានឱ្យដឹងថា ជំហានដំបូងនៃអនុស្សរណៈនេះនឹងអនុវត្តនៅតាមបណ្តារាជធានី-ខេត្តចំនួន០៥ ចាប់ពីចុងខែមករា ឆ្នាំ២០២២ នេះតទៅ ដែលទីតាំងទាំងនោះរួមមាន៖ រាជធានីភ្នំពេញ (២ទីតាំង គឺច្បារអំពៅ និងព្រែកភ្នៅ), ខេត្តសៀមរាប, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម (ស្គន់), និងខេត្តតាកែវ។

ក្រុមហ៊ុន បានស្នើសុំដាក់លក់ផលិតផលដូចជា៖ ផ្លែឈើតាមរដូវកាល នំ និងផលិតផលធ្វើដោយដៃតាមតំបន់ (វត្ថុអនុស្សារីយ៍) ហើយក្រុមហ៊ុននឹងផ្តល់ទីតាំងលក់ដោយឥតគិតថ្លៃ ដោយធ្វើជាស្តង់រួមមួយដែលអាចឱ្យអាជីវករចូលលក់មិនលើសពី ១០នាក់។

ក្រៅពីគម្រោងសាកល្បងរយៈពេល៧ថ្ងៃត្រូវបានបញ្ចប់ ក្រុមហ៊ុនភីធីធី (ខេមបូឌា) នឹងអនុវត្តគម្រោងបន្ដចំនួន៣ទៀត ដែលនឹងរៀបចំនៅខែឧសភា ខែសីហា និងខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានអាជីវករចូលរួមដើម្បីលក់ផលិតផលខ្មែរមានចំនួនសរុប ៦៣នាក់។

គម្រោងនេះនឹងរៀបចំលក់នៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី មួយចំនួន ដូចជា៖ ក្នុងត្រីមាសទី២ ឆ្នាំ២០២២ នៅស្ថានីយចំនួន១៦ តាមបណ្តោយផ្លូវជាតិលេខ២ លេខ៣ និងលេខ៤, ក្នុងត្រីមាសទី៣ នៅស្ថានីយ៍ចំនួន១០ តាមបណ្តោយផ្លូវជាតិលេខ៦ និងក្នុងត្រីមាសទី៤ នៅស្ថានីយ៍ចំនួន០៥ តាមបណ្តោយផ្លូវជាតិលេខ៥៕