(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានអញ្ជើញបើកការដ្ឋានជួសជុលកំណាត់ ផ្លូវជាតិ៧៨-៥ ប្រវែង៨,៥០០ម៉ែត្រ ក្នុងភូមិសាស្រ្តស្រុកតាវែង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ ថ្នាក់ដឹកនាំស្រុក សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកតាវែង ប្រមាណជាង២០០នាក់។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឱ្យដឹងថា កំណាត់ផ្លូវ ដែលត្រូវជួសជុលនេះ មានប្រវែង៨,៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ ពីចន្លោះគីឡូម៉ែត្រ៣៧+៥៥០ ដល់គីឡូម៉ែត្រ៤៧+០៥០ ដោយក្រាលដីល្បាយថ្ម និងសាងសង់លូទោល មុខ១ម៉ែត្រ ប្រវែង១៥ម៉ែត្រចំនួន០៩កន្លែង លូភ្លោះមុខ១ម៉ែត្រ ប្រវែង១៥ម៉ែត្រ ចំនួន០២កន្លែង លូប្រអប់ ២ម៉ែត្រ ២,៥ម៉ែត្រ គុណ៣ម៉ែត្រ ប្រវែង១៥ម៉ែត្រ ចំនួន០១កន្លែង និងលូប្រអប់ ៣ម៉ែត្រ គុណ៣ម៉ែត្រ គុណ៣ម៉ែត្រ ប្រវែង ១៥ម៉ែត្រចំនួន ០១កន្លែងផងដែរ។

នាឱកាសនេះ លោក ញ៉ែម សំអឿន បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសជាតិលើគ្រប់វិស័យ។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដទៃទៀត បាននឹងកំពុងរីកដុះដាលនៅពាសពេញផ្ទៃប្រទេស ដោយសម្តេចចាត់ទុកផ្លូវ ស្ពានជាសរសៃឈាមសេដ្ឋកិច្ចជាតិ ហើយមានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹម។

លោកអភិបាលខេត្ត បានចាត់ទុកផ្លូវជាតិ៧៨-៥ ពីរង្វង់មូលស្រុកអូរជុំមកកាន់ស្រុកតាវែង ជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ ដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរខាងលើក្នុងការដឹកកសិផលផ្សេងៗ ដែលប្រមូលបានទៅកាន់ទីផ្សារ ក៏ដូចជាភាពងាយស្រួលក្នុងការដឹកសម្ភារសំណង់ គ្រឿងឧបភោគដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្រុកតាវែង។

ដើម្បីឱ្យដំណើរការ ជួសជុលផ្លូវនេះទទួលបានជោគជ័យ លោក ញ៉ែម សំអឿន សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ជួយសហការ កុំដឹកជញ្ជូន សំពីងសំពោង ជាពិសេសអាជ្ញាធរស្រុកត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួល រាល់បញ្ហាដែលប៉ះពាល់ដល់ដំណើរការជួសជុលផ្លូវនេះផងដែរ៕