(សៀមរាប)៖ ដោយមានការជួយជ្រោមជ្រែងយ៉ាងសកម្មទាំងស្មារតី និងថវិកាពីក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម គណៈកម្មាធិការគណៈបក្សប្រជាជនឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំសន្និបាតប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនឃុំខ្នារពោធិ៍ ក្រោមអធិបតីភាពលោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំខ្នារពោធិ៍, លោក គង់ មុនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម និងឃុំខ្នារពោធិ៍ និងលោកស្រី យូ សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំចាន់សរ។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក គណៈកម្មាធិការគណបក្សឃុំ និងតំណាងសមាជិកបក្សមកពីបណ្តាភូមិទាំង៨ ចំនួន ១៣៦នាក់។

លោក គង់ មុនី បានអញ្ជើញអានសុន្ទរកថា បើកអង្គសន្និបាតដែលមានខ្លឹមសារសំដៅទៅលើការពិភាក្សាកែតម្រូវ និងបំពេញបន្ថែមលើខ្លឹមសាររបាយការណ៍ និងទិសដៅអនុវត្តការងារបន្តដើម្បីធ្វើឲ្យខ្លឹមសារទាំងនោះក្លាយជាឯកសារដែលមានការឯកភាព និងរួមគ្នាប្តេជ្ញាចិត្តអនុវត្តឲ្យមានប្រសិទ្ធភាព។ ជាពិសេសក្នុងអង្គសន្និបាតបានធ្វើការបង្ហាញបេក្ខជន បេក្ខនារី ដែលមានបំណងឈរឈ្មោះបោះឆ្នោតសកលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ស្របតាមកាលបរិច្ឆេទរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក គង់ មុនី បានពាំនាំការសួរសុខទុក្ខពីសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប, លោក ទៀ សីហា ប្រធានគណៈកម្មាធិការគណបក្ស ខេត្តសៀមរាប ដែលជានិច្ចកាលលោកតែងមានការនឹករលឹកមកដល់សមាជិក សមាជិកា គណបក្សប្រជាជនឃុំខ្នារពោធិ៍ និងសូមថ្លែងសរសើរជូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិនៃការបោះឆ្នោតហើយបានផ្តល់ឱកាសជូនគណបក្សប្រជាជន បានដឹកនាំប្រទេសជាតិក្នុងរយៈកាលកន្លងមកនេះ ។

តាមរយៈអង្គសន្និបាតនោះ លោក គង់ មុនី បានសំដែងជំនឿយ៉ាងមុតមាំថា នឹងទទួលបានមតិចូលរួមយ៉ាងផុលផុសក្នុងការវាយតម្លៃលើសកម្មភាពការងារ ស្នាដៃ និងការយកចិត្តទុកដាក់បំពេញភារកិច្ចជូនគណបក្សកន្លងមក និងដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យលើទិសដៅគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧។

លោក គឿន ឈឹង សមាជិកក្រុមប្រឹក្សាឃុំ និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនឃុំខ្នារពោធិ៍ បានឡើងអានរបាយការណ៍វាយតម្លៃលទ្ធផលការងាររយៈពេល ៥ឆ្នាំ (២០១៧-២០២២) និងកម្មវិធីនយោបាយអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំបន្ត (២០២២-២០២៧) របស់គណៈកម្មាធិការគណបក្សឃុំខ្នារពោធិ៍ ដែលមានខ្លឹមសារទាក់ទងនឹងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ នយោបាយ សេដ្ឋកិច្ច សុខាភិបាល និងសមិទ្ធិផលថ្មីៗជាច្រើន បានកើតឡើងនៅក្នុងឃុំខ្នារពោធិ៍។

បន្ទាប់ពីបានស្តាប់របាយការណ៍ខាងលើយ៉ាងយកចិត្តទុកដាក់រួចមក លោកស្រី យូ សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជន ខេត្តសៀមរាប បានអញ្ជើញចូលរួមបំពេញបន្ថែមលើខ្លឹមសាររបាយការណ៍វាយតម្លៃលទ្ធផលការងាររយៈពេល ៥ឆ្នាំ និងទិសដៅការងារបន្តរបស់ឃុំខ្នារពោធិ៍។ ជាបន្តមកទៀត លោក ម៉ក់ ប្រុស ប្រធានគណៈកម្មាធិការគណបក្សប្រជាជន ស្រុកសូទ្រនិគម បានអញ្ជើញមានយោបល់បន្ថែមលើការវាយតម្លៃការងាររយៈពេល ៥ ឆ្នាំ និងការងារបន្តដើម្បីធ្វើយ៉ាងណាឲ្យរបាយការណ៍នោះកាន់តែមានភាពសុក្រឹត្យឥតខ្ចោះ។

លោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំខ្នារពោធិ៍ បានផ្តល់ឱកាសដល់សមាជិក សមាជិកាអង្គសន្និបាតចូលរួមយោបល់យ៉ាងផុលផុសវាយតម្លៃស្ថានភាពជាក់ស្តែងដែលកើតមានឡើងនៅក្នុងឃុំខ្នារពោធិ៍ និងទិសដៅការងារបន្ត (២០២២-២០២៧)។ អង្គសន្និបាតក៏បានបង្ហាញបេក្ខភាពសមាជិកក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងនោះមានបេក្ខភាពក្រុមប្រឹក្សាឃុំ ៩រូប ជាសមាជិកក្រុមប្រឹក្សាឃុំ និង ២រូប ជាក្រុមប្រឹក្សាបម្រុង។

មានមតិសំណេះសំណាលក្នុងពិធីនោះ លោកបណ្ឌិត សឹង សំណាង បានវាយតម្លៃចំពោះលទ្ធផលការងារដែលគណបក្សឃុំរួមគ្នាសម្រេចបាននាពេលកន្លងមក និងបានផ្តល់អនុសាសន៍ទៅលើផែនការសកម្មភាពការងារដែលត្រូវអនុវត្តបន្ត ព្រមទាំងលើកឡើងឆ្លុះបញ្ចាំងពីចំណុចខ្លាំង និងខ្សោយ និងបទពិសោធន៍សំដៅឈានទៅទទួលបានជោគជ័យនាអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ។

លោកបានក្រើនរំលឹកដល់សមាជិកបក្សក្នុងឃុំខ្នារពោធិ៍ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ត្រូវមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសូមអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីចារឹក និងអាកប្បកិរិយាគ្មានគុណធម៌ អសិលធម៌ ព្រោះក្នុងគណបក្សប្រជាជន គ្មានចារឹកបែបនេះទេ។ ផ្ទុយទៅវិញក្នុងនាមជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ត្រូវមានទស្សនៈត្រឹមត្រូវ និយាយយល់ដឹងត្រឹមត្រូវ នោះពិតជាទទួលបានជោគជ័យ រួមទាំងអាចបន្តពង្រីកទទួលសមាជិកថ្មីនៅក្នុងមូលដ្ឋាន។

លោក សឹង សំណាង ក៏បានលើកឡើងពីស្នារដៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសចាប់តាំងពីសង្គ្រាម រហូតមានសុខសន្តិភាពឯកភាពជាតិពេញលេញដោយសារការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ។ ការឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំឥតសំចៃរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាល។

ឆ្លៀតក្នុងឱកាសនោះដែរ លោក សឹង សំណាង បានក្រើនរំលឹកឱ្យសមាជិក សមាជិការួមគ្នាអនុវត្តការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាឆ្នាំ២០២៣ខាងមុខ ឱ្យបានជោគជ័យជានិច្ចដើម្បីគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិទី ៧ បន្តទៀត។

លោកបណ្ឌិត ក៏បានលើកឡើងពីស្ថានភាព និងនីតិវិធីនានាទាក់ទងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីចែករំលែកការយល់ដឹងជូនសមាជិក សមាជិកា បានយល់ជ្រាបកាន់តែច្បាស់និងដើម្បីផ្សព្វផ្សាយជូនទៅដល់ប្រជាពលរដ្ឋផងដែរ។ ក្នុងឱកាសនោះដែរ គណៈអធិបតីក៏បានចែកជូនអំណោយអនុស្សាវរីយ៍ដល់សមាជិកបក្សដែលបានចូលរួមអង្គសន្និបាតក្នុងម្នាក់ៗទទួលបានអាវ១ មួក១ និងសារុង១ និងថវិកាចំនួន ២០,០០០រៀល៕