(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានស្នើដល់ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ ដែលនឹងបើកកិច្ចប្រជុំចង្អៀតឆាប់ៗខាងមុខ ធ្វើការពិភាក្សាលើគំនិតផ្តួចផ្តើមចំនួន២ចំណុច ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាក្នុងប្រទេសមីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីសំណើនេះ ខណៈជួបពិភាក្សាតាមទូរស័ព្ទ ជាមួយ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

លទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និង លោក ចូកូ វីដូដូ (Joko Widodo) ដែលប្រកាសដោយ ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចតេជោ បានជម្រាបជូនប្រធានាធិបតីឥណ្ឌូនេស៊ី អំពីដំណើរទស្សនកិច្ចការងាររបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ ដែលធ្វើឡើងក្នុងគោលបំណងជំរុញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច(5PC) ឱ្យដំណើរការទៅមុខ។

សេចក្តីប្រកាសក្រសួងការបរទេស បានបញ្ជាក់បន្ថែមដូច្នេះថា៖ «សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានជម្រាប ឯកឧត្តម ចូកូ វីដូដូ បន្ថែមថា ដើម្បីជំរុញការអនុវត្ត 5PC និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចនៅមីយ៉ាន់ម៉ាកន្លងមក សម្តេចបានស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងបើកកិច្ចប្រជុំចង្អៀតនាពេលឆាប់ៗខាងមុខ ធ្វើការពិភាក្សាលើសំណើគំនិតផ្តួចផ្តើមចំនួន២ រួមមាន៖

ទី១៖ ការបង្កើតយន្តការអាស៊ានត្រូយកា (Troika) ដែលមានសមាសភាពមកពីប្រទេសព្រុយណេ (អតីតប្រធានអាស៊ាន) កម្ពុជា (ប្រធានអាស៊ានបច្ចុប្បន្ន) និងឥណ្ឌូនេស៊ី (អនាគតប្រធានអាស៊ាន) ព្រមទាំងអគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួល និងតាមដានការអនុវត្ត 5PC។ យន្តការនេះនិងប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងមានក្រុមអ្នកសង្កេតការណ៍ដែលមានសមាសភាពមន្ត្រីការទូតនៃស្ថានតំណាងរបស់ប្រទេសជាសមាជិកអាស៊ានទាំងប្រាំបួនប្រចាំនៅមីយ៉ាន់ម៉ា ជាអ្នកគាំទ្រនៅក្នុងការអនុវត្ត 5PC។ ក្រុមអ្នកសង្កេតការណ៍នេះ គឺជាគំនិតផ្តួចផ្តើមរបស់ឥណ្ឌូនេស៊ីដែលកម្ពុជាគាំទ្រ។

ទី២៖ កិច្ចប្រជុំពិគ្រោះយោបល់ដើម្បីពិភាក្សាអំពីការផ្តល់ជំនួយមនុស្សធម៌ និងការរៀបចំការចាក់វ៉ាក់សាំងជូនប្រជាជនមីយ៉ាន់ម៉ាដោយគ្មានការរើសអើង។ សម្តេចក៏បានគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រទេសព្រុយណេក្នុងការបង្កើតក្រុម «មិត្តរបស់ មីយ៉ាន់ម៉ា» ដើម្បីគាំទ្រដល់ការងាររបស់អាស៊ាន និងមីយ៉ាន់ម៉ាផងដែរ»។

ទាក់ទងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា សម្តេចតេជោ បានជម្រាបលោកប្រធានាធិតីឥណ្ឌូនេស៊ីថា គួរពិចារណាជំរុញការធ្វើមាតុភូមិនិវត្តន៍ពួកគាត់ពីប្រទេសបង់ក្លាដែសមកកាន់មីយ៉ាន់ម៉ាវិញ ដោយសុវត្ថិភាព ឆាប់រហ័ស និងភាពថ្លៃថ្នូរដូចដែលបានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីពេលថ្មី្ៗនេះរវាង លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស។

ជាការឆ្លើយតប ប្រធានាធិបតី ចូកូ វីដូដូ បានថ្លែងអំណរគុណ សម្តេចតេជោ ចំពោះគំនិតផ្តួចផ្តើមបង្កើតឱ្យមានយន្តការអាស៊ានត្រូយកា ដើម្បីជំរុញឱ្យមានវឌ្ឍនភាពក្នុងការអនុវត្ត 5PC និងគាំទ្រឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិភាក្សាអំពីការបង្កើតក្រុមអ្នកសង្កេតការណ៍ដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តការងារ។ លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា ប្រសិនបើគ្មានវឌ្ឍភាពដុំកំភួនពីការអនុវត្ត 5PC ទេនោះ ភាពជាតំណាងរបស់មីយ៉ាន់ម៉ានឹងត្រូវរក្សាតាមរូបភាពដែលបានសម្រេចក្នុងកិច្ចប្រជុំកំពូលអាស៊ានកន្លងមក។

ប្រមុខដឹកនាំកំពូលទាំងពីរបានប្តេជ្ញារួមគ្នា ជំរុញឱ្យអាស៊ានបន្តបោះជំហានទៅមុខ និងអាចស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅមីយ៉ាន់ម៉ា៕