(ភ្នំពេញ)៖ អតីតសកម្មជន និងយុវជន អតីតគណបក្សសង្គ្រោះជាតិ ចំនួន១៧រូបទៀតហើយ ដែលបានស្ម័គ្រចិត្តដាក់កាយមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងចូលរួមថែរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នេះបើតាមលោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌទួលគោក ដែលបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News ឱ្យបានដឹងនៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

សេចក្ដីរាយការពីអ្នកយកព័ត៌មានអង្គភាព Fresh News បញ្ជាក់ថា «ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ម្សិលមិញ លោក ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌទួលគោក និងលោក ម៉ែន សិរី អនុប្រធានប្រចាំការគណបក្សខណ្ឌ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន១៧រូប ដែលពួកគាត់ជាអតីតសកម្មជន និងយុវជន អតីតគណបក្សសង្គ្រោះជាតិ ដែលបានស្ម័គ្រចិត្តដាក់កាយមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងចូលរួមថែរក្សាសន្ដិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា»៕