(កណ្តាល)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី «ផែនការអភិវឌ្ឍសាខា តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា»

កិច្ចប្រជុំនេះមានការអញ្ជេីញជាអធិបតីពីលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពី លោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងមន្ត្រីបច្ចេកទេសពីទីស្នាក់ការកណ្តាល សរុបចំនួន ២០នាក់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ ស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ គណៈកិត្តិយស គណៈកម្មាធិការ និងក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមកាកបាទក្រហមកម្ពុជាតាមឃុំ និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជានៃសាខា កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដែលបាននិងកំពុងបំពេញសកម្មភាពមនុស្សធម៌ទទួលបានលទ្ធផលគួរជាទីមោទនៈ។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានលេីកឡេីងពីចំណុចសំខាន់ៗនៃទស្សនវិស័យ បេសកកម្ម សសរស្តម្ភ និងគុណតម្លៃ នៃយុទ្ធសាស្ត្រ២០២១-២០៣០ ដោយបន្ស៊ីជាមួយយុទ្ធសាស្រ្តរាជរដ្ឋាភិបាល និងសហព័ន្ធអន្តរជាតិ រួមជាមួយវិស័យអាទិភាពទាំង៤ ក៏ដូចជាការងារអាទិភាពនៃសកម្មភាពក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដើម្បីសាខាត្រៀមរៀបចំផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ក្នុងការពង្រឹងសមត្ថភាព សាខា-អនុសាខា-ក្រុមកាកបាទក្រហម ឱ្យក្លាយជាប្រតិបត្តិករជួរមុខដ៏សកម្មឱ្យស្របនឹងទិសស្លោកជាសកល របស់សហព័ន្ធអន្តរជាតិ «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»

បន្ថែមពីនេះ លោកស្រីអគ្គលេខាធិការរងទី១ បានបង្ហាញពីសារបានរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងតួនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ និងជំរុញឱ្យក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា ឱ្យយល់កាន់តែច្បាស់ពីការងារនេះ ដើម្បីលើកកម្ពស់សុខភាព មាតា ទារក និងកុមារ និងការឈានទៅការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥៕