(សៀមរាប)៖ អង្គការមូលនិធិទំពាំងស្នងឫស្សី នឹងចាប់ផ្តើមអនុវត្តន៍គម្រោងកម្មវិធីទេសចរណ៍បរិស្ថាន នៅសហគមន៍មេជ្រៃ នៃភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី លោក ស៊ា សុផល បានឱ្យដឹងថា កម្មវិធីទេសចរណ៍បរិស្ថាន ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងអង្គការមូលនិធិទំពាំងស្នងឫស្សី (NGO2) ជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) ដែលកម្មវិធីនេះ នឹងលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការបង្កើតចំណូលដោយផ្ទាល់ពីទេសចរ។ លោកបន្តថា ភ្ញៀវទេសចរអាចអុំទូកកម្សាន្តលេងនៅភូមិបណ្តែតទឹកពាមតាអូរសហគមន៍មេជ្រៃ ហើយអាចជួយសម្អាតសំរាមប្លាស្ទិកនារដូវទឹកស្រក ដែលចូលរួមជួយលើកកម្ពស់សោភ័ណភាព បរិស្ថានក្នុងសហគមន៍នេះ កាន់តែល្អប្រសើរថែមទៀត។

លោក ស៊ា សុផល បន្ថែមថា សំណល់ប្លាស្ទិកដែលបានពីការសម្អាតនេះ សហគមន៍អាចយកច្រកក្នុងដបដើម្បីដូរយកអង្ករផងដែរ ក្នុងនោះដបប្លាស្ទិកចំនួន១០០ ដូរបានអង្ករ៥គីឡូក្រាម។ សម្រាប់លោក សុផល កម្មវិធីនេះនឹងមាននិរន្តរភាពសេដ្ឋកិច្ចសហគមន៍ ព្រោះពួកគេលែងពឹងតែលើកម្មវិធីរបស់អង្គការដែលចូលទៅជួយទៀតហើយ គឺពួកគាត់នឹងអនុវត្តន៍ជារៀងរាល់ថ្ងៃដោយខ្លួនឯង។

កម្មវិធីទេសចរណ៍នេះ គ្រោងរៀបចំប្រកាសជាផ្លូវការនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅសហគមន៍មេជ្រៃ ក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ដោយមានការចូលរួមពីអង្គការ សមាគម ភ្ញៀវទេសចរ អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងសហគមន៍ដោយផ្ទាល់។

កម្មវិធីទេសចរណ៍បរិស្ថាន និងការសម្អាតបរិស្ថានបឹងទន្លេសាបនៅពេលនេះ ធ្វើឡើងស្របពេលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបើកវិស័យទេសចរណ៍ និងទទួលទេសចរអន្ដរជាតិឡើងវិញ នៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២នេះ។ ការគាំទ្រសហគមន៍ទាក់ទងនឹងការងារបរិស្ថាន គឺមានសារសំខាន់ណាស់ ដើម្បីឱ្យសហគមន៍មានការរៀបចំ សម្អាតអនាម័យ បរិស្ថាន ត្រៀមទទួលទេសចរឡើងវិញ ដែលជាផ្នែកមួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍តាមរយៈវិស័យទេសចរណ៍។

នៅឆ្នាំនេះដែរ តាមការបញ្ជាក់ពីលោក ស៊ា សុផល គឺអង្គការរបស់លោក នឹងជួយរៀបចំគាំទ្រ ឱ្យមានកម្មវិធីចំនួនពីរទៀត រួមមាន៖ ទី១៖ គម្រោងប្រមូលប្លាស្ទិកបឹងទន្លេសាបច្រកដប ដូរយកអង្ករ ចាប់ផ្តើមអនុវត្តចាប់ពីចុងខែមករានេះ រហូតដល់ចុងខែមិថុនាមុនទឹកជំនន់បឹងទន្លេសាបហូរត្រឡប់មកវិញ និងទី២៖ កម្មវិធីទេសចរណ៍ បរិស្ថាន ដែលនឹងមានការជិះទូកកម្សាន្តមើលជីវភាពសហគមន៍ និងទស្សនាជីវៈចម្រុះនានា ដែលនឹងផ្សារភ្ជាប់នឹងសកម្មភាពជួយប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាប ដែលទើរតាមដើមឈើជាដើម ហើយវានឹងក្លាយជាសកម្មភាពផលិតផលទេសចរណ៍ថ្មីនៅតាមសហគមន៍បឹងទន្លេសាប។

អង្គការមូលនិធិទំពាំងស្នងឫស្សី បានផ្តួចផ្តើមយុទ្ធនាការប្រមូលសំរាមប្លាស្ទិកបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងរដូវទឹកសម្រក ពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមរយៈសហគមន៍នានាជុំវិញបឹងទន្លេសាប ដូចជាសហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លុក និងផ្នែកខាងក្រោមនៃស្ទឹងសៀមរាប។

តាមរយៈក្រុមយុវជនស្ម័គ្រចិត្តមេត្រីបរិស្ថានបឹងទន្លេសាប ឬហៅថា TONLE SAP WARRIORS បានចុះអប់រំសហគមន៍ឱ្យចេះវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ហើយឈានដល់ការបង្កើតជង្រុកប្លាស្ទិកជាផ្លូវការនៅសហគមន៍មេជ្រៃនៅក្នុងឆ្នាំ២០២០ ក្នុងទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ដើម្បីគាំទ្រដល់ គម្រោងប្លាស្ទិកប្ដូរយកអង្ករ ដោយមានការគាំទ្រដោយក្រសួងបរិស្ថាន ដែលគម្រោងនេះទទួលបានជោគជ័យដ៏ត្រចេះត្រចង់។

ជាមួយគម្រោងនេះ ក្រសួងទេសចរណ៍តាមរយៈគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានកោតសរសើរជាខ្លាំងចំពោះគម្រោងប្លាស្ទិកដូរយកអង្ករនេះ។ ក្រសួងទេសចរណ៍យល់ថា គម្រោងនេះនឹងចូលរួមជំរុញភាពស្អាត និងបៃតងនៅតាមតំបន់បឹងទន្លេសាប និងតំបន់ផ្សេងៗទៀត ដែលជាកត្តាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាឱ្យកាន់តែច្រើនឡើងថែមទៀត៕