(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានសម្ដែងនូវសេចក្តីរំភើបរីករាយជាមួយអាណាព្យាបាល និងសិស្ស ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A កន្លងទៅថ្មីៗនេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា វាជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ចាម ក្នុងបរិបទកូវីដ១៩ ដែលសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A ចំនួន ១១៨នាក់ ក្នុងនោះក្រុងកំពង់ចាមមានចំនួន ៣២នាក់។ ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត សូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលនេះ ដែលបានមកពីការខិតខំរបស់ក្មួយៗសិស្សានុសិស្ស នៅក្នុងបរិបទជំងឺកូវីដ១៩ បើទោះបីជាមិនបានរៀននៅក្នុងសាលារៀនពេញលេញយ៉ាងណាក៏ដោយ ប៉ុន្តែក្មួយៗ បានខិតខំព្យាយាមសិក្សា រហូតទទួលបានលទ្ធផលដូចថ្ងៃនេះ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៏បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេស A ទាំងអស់ដោយម្នាក់ៗទទួលបាន កុំព្យូទ័រ Laptop មួយគ្រឿង សម្ភារៈសម្រាប់ការសិក្សា និងថវិកាមួយចំនួនផងដែរ។

លោកអភិបាលខេត្ត បានលើកយកកត្តា ៤យ៉ាង ដែលជំរុញធ្វើឲ្យការសិក្សារបស់ក្មួយៗ ទទួលបានជោគជ័យក្នុងនោះ៖

*ទី១៖ ផ្ដើមចេញពីការតាំងចិត្តខិតខំព្យាយាមសិក្សាដោយខ្លួនឯង និងការសែបគប់មិត្តល្អ
*ទី២៖ ផ្ដើមចេញពីអាណាព្យាបាល ដែលបានរៀបចំ ពេលវេលា សម្ភារ និងថវិកា ពោលគឺពួកគាត់បានផ្ដល់ឱកាសគ្រប់គ្រាន់ ដើម្បីឱ្យក្មួយក្មួយបានរៀនសូត្រ
*ទី៣៖ កត្តាសង្គមកម្ពុជាយើងបច្ចុប្បន្ន កំពុងតែឱ្យតម្លៃទៅលើអ្នកចេះដឹង ដែលចំណុចនេះធ្វើឲ្យក្មួយៗ កាន់តែខិតខំស្វែងរកចំណេះដឹងនោះ
*ទី៤៖ កត្តាសុខសន្តិភាព ដែលបានមកពីការខិតខំរបស់រាជរដ្ឋាភិបាល ដោយមានសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ប្រសិនបើប្រទេសរបស់យើងគ្មានសុខសន្តិភាពទេនោះ ក្មួយៗក៏មិនអាចមាន ឱកាសបានសិក្សារៀនសូត្រនោះដែរ៕