(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យ Hang Luqi អនុប្រធានរដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន និងជាប្រធានបណ្ឌិតសភាប៊ីន នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាលកម្ពុជា ស្តីពីការ «បញ្ជូនក្រុមវេជ្ជសាស្ត្របុរាណចិនមកកាន់ប្រទេសកម្ពុជា» ដើម្បីជួយពង្រឹងសមត្ថភាពការងារទប់ស្កាត់ជំងឺកូវីដ-១៩ ដោយការរួមបញ្ចូលវេជ្ជសាស្ត្របុរាណចិនក្នុងការព្យាបាល។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកសាស្ត្រាចារ្យ Huang Luqi និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ លោកក៏បានឯកភាពទៅលើគំនិតផ្តួចផ្ដើមបញ្ចូនអ្នកជំនាញវេជ្ជសាស្ត បុរាណចិនមកជួយក្នុងការព្យាបាលជំងឺកូវីដ-១៩ ដោយប្រើឱសថ និងវេជ្ជសាស្ត្របុរានចិន និងបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនេះ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនមកជួយពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល កម្ពុជាមិនត្រឹមតែរយៈពេលមួយឆ្នាំ និងនៅតែមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈប៉ុណ្ណោះទេ តែនឹងត្រូវពង្រីកទៅមន្ទីរពេទ្យផ្សេងទៀត។

ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ Huang Luqi បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន លើវិស័យសុខាភិបាល ជាពិសេសអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ធំស្កឹមស្ពៃ ដែលបំពាក់ដោយសម្ភារៈបរិក្ខារវេជ្ជសាស្ត្រដ៏ទំនើបដំបូងគេនៅកម្ពុជា។ លោកសាស្ត្រាចារ្យ Huang Luqi បានអះអាងថា លោកក៏អញ្ជើញទៅទស្សនកិច្ចមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីពិនិត្យលទ្ធភាពបង្កើតមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដោយប្រើវេជ្ជសាស្ត្របុរាណចិន ទៅតាមស្ថានភាព និងតម្រូវការជាក់ស្តែងរបស់មន្ទីរពេទ្យផងដែរ។

នៅក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានគូសរំលេចថា ដំណើរទស្សនកិច្ចរបស់រដ្ឋបាលជាតិវេជ្ជសាស្ត្រ បុរាណចិន មិនត្រឹមតែជួយពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពី ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងនិងពង្រីកវេជ្ជសាស្ត្របុរាណប្រទេសទាំងពីរថែមទៀត។

បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះលោកអនុប្រធានរដ្ឋបាលជាតិវេជ្ជសាស្ត្របុរាណចិន និងគណៈប្រតិភូផងដែរ និងជូនពរដល់គណៈប្រតិភូទាំងអស់ ស្នាក់នៅកម្ពុជាប្រកបដោយសុវត្ថិភាព៕