(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប្រាក់ឧបត្ថម្ភជូនក្មេងកំព្រាចំនួន១០៤នាក់ ដែលបានរៀបចំដោយអង្កការមូលនិធិពិភពកុមារកំព្រាកម្ពុជា (World Orphan Fund Cambodia)។

ពិធីនេះត្រូវបានរៀបចំឡើងនៅ មជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) មានការអញ្ជើញចូលរួមពីសំណាក់ លោក អាប់ឌុល ហាកីម អគ្គកុងស៊ុលស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា និងលោក លោកស្រី សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល ដែលជាថ្នាក់ដឹកនាំឥស្លាមកម្ពុជាផងដែរ។

នេះជាលើកទី៤៥ហើយ ដែលអង្កការមូលនិធិពិភពកុមារកំព្រាកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភដល់កុមារកំព្រា ដែលរហូតមកដល់ពេលនេះ មានកុមារចំនួន១០៤នាក់ មកពីខេត្តត្បូងឃ្មុំ កំពង់ចាម និងក្រចេះ ដោយក្នុងម្នាក់ៗ ទទួលបានទឹកប្រាក់ចំនួន១០៥ដុល្លារ (សរុបជាទឹកប្រាក់ ចំនួន១០,៩២០ដុល្លារ) ដើម្បីយកទៅផ្គត់ផ្គង់ក្នុងការសិក្សានៅតាមគេហដ្ឋានរៀងៗខ្លួន។ បន្ថែមពីនោះ ប្អូនៗក៏ទទួលបានកាដូបន្ថែម ដែលមានការឧបត្ថម្ភពីក្រុមការងារស្ថានទូតឥណ្ឌូណេស៊ី ព្រមទាំងអាហារថ្ងៃត្រង់ផងដែរ។

ដោយសរុបក្នុងកម្មវិធីនេះ ចំណាយទឹកប្រាក់ជាង១២,០០០ដុល្លារ នេះជាជំនួយដ៏ថ្លៃថ្លាពីសាសនិកឥស្លាមនៅប្រទេសអូស្ត្រាលី តាមរយៈអង្គការមូលនិធិពិភពកុមារកំព្រាអូស្ត្រាលី (World Orphan Fund Australia) សហការជាមួយ មូលនិធិពិភពកុមារកំព្រាកម្ពុជា (World orphan fund Cambodia)។

មានមតិសំណេះសំណាលនៅក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់អង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជា ដែលតែងតែធ្វេីសកម្មភាពយ៉ាងផុសផុលលេីការងារមនុស្សធម៌ ពិសេសការឧបត្ថម្ភកុមារកំព្រា។ លោកបានបន្តថា សកម្មទាំងឡាយនេះជាផ្នែកមួយ សម្រាប់ឲ្យមានភាពរឹងមាំដល់អ្នកក្រខ្សត់ ដែលពុំមានលទ្ធភាព អាចចូលរៀនសូត្របាន។ អង្គការសមាគមជាច្រើនបានធ្វេីសកម្មភាពជួយចិញ្ចឹមកុមារកំព្រា ដែលរហូតមកដល់ពេលនេះ មានកុមារកំព្រាជាច្រេីនបានក្លាយជាអ្នកដឹកនាំ ប្រធានក្រុមហ៊ុន ប្រធានសហគ្រាស អាជីវកម្មនានា។

លោកបណ្ឌិតបានបន្តថា «យេីងទាំងអស់គ្នាពិតជាមានភព្វសំណាងណាស់ ដែលយេីងមានមេដឹកនាំដែលមិនមែនជាអ្នកកាន់សាសនាឥស្លាម ក៏ប៉ុន្តែសាសនិកទាំងអស់ត្រូវបានយកចិត្តទុកដាក់ស្មេីៗគ្នា ពីរាជរដ្ឋាភិបាលដែលបានធ្វេីឲ្យកេីតមាននូវសុខដុមបនីយ៍កម្មជាតិសាសន៍ និងសាសនា។ ក្រោយថ្ងៃរំដោះ ៧ មករា រាជរដ្ឋាភិបាលបានផ្តល់ជូនសាសនិកឥស្លាមសព្វបែបយ៉ាងបេីកឱកាសឲ្យសហគមន៍ខ្មែរឥស្លាម អាចធ្វេីការអភិវឌ្ឍដូចជាកសាងវិហារ ស៊ូរ៉ាវ សាលារៀន មជ្ឈមណ្ឌល ដែលបានបណ្តុះបណ្តាលធនធានមនុស្សបានរាប់ម៉ឺននាក់»

លេីសពីនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានបេីកឲ្យសិស្សនិស្សិតអាចស្លៀកសំលៀកបំពាក់ប្រពៃណីចូលរៀន ហេីយថែមទាំងបានបញ្ចូលគ្រូខ្មែរឥស្លាម ចំនួន១,៥០០នាក់ ចូលទៅក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡាទៀតផង។ ដូច្នេះយេីងទាំងអស់គ្នា ត្រូវតែដឹងគុណហេីយបន្តធ្វេីការគាំទ្រចំពោះរាជរដ្ឋាភិបាលជារាងរហូត។

លោកទេសរដ្ឋមន្ត្រី បានសង្ឃឹមថា ការឧបត្ថម្ភនេះជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពលំបាកខ្លះៗរបស់ កុមារកំព្រា សិស្ស និស្សិត ចាស់ជរា និងប្រជាជនក្រីក្រ។ ហើយសង្ឃឹមថាកូនៗ ក្មួយៗ នឹងខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង និងធ្វើជាកូនល្អ សិស្សល្អ ពលរដ្ឋល្អដើម្បីចូលរួមអភិវឌ្ឍ និងកសាងប្រទេសជាតិ។

គួរបញ្ជាក់ផងដែរ អង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាល ដែលបានចុះបញ្ជីជាផ្លូវការក្នុងក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៣ ហើយបានសហការជាមួយ World orphan fund Australia ដោយអង្គការមកពីប្រទេសអូស្ត្រាលីមួយនេះបានមកជួយឧបត្ថម្ភដល់កុមារកំព្រាកម្ពុជា តាំងពីឆ្នាំ ២០១១ មកម្លេះ។

ក្រៅពីនេះ អង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជា ក៏ធ្វើសកម្មភាពលើការផ្តល់កញ្ចប់អាហារស្រាយបួស ចែកសាច់គោគូរបាន អាគីកះ ផ្តល់អាហារូបករណ៍ និងទីកន្លែងស្នាក់នៅដល់សិស្សនិស្សិត ព្រមទាំងផ្តល់អំណោយសង្គ្រោះបន្ទាន់ផងដែរ៕