(ភ្នំពេញ)៖ ថេង សុថុល អភិបាលខណ្ឌចំកាមន និងជាប្រធាន គណៈបញ្ជាការឯកភាពខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំមន្ត្រីក្រោមឱវាទបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដើម្បីពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការងារជម្រុញការចាក់ វ៉ាក់សាំងដូសជម្រុញ និងការងារតាមដាន ត្រួតពិនិត្យ គ្រប់គ្រងអ្នកជំងឺកូវីដ-១៩ (អូមីក្រុង) ក្នុងមូលដ្ឋាន។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកមេបញ្ជាការ កងរាជ អាវុធហត្ថខណ្ឌ, លោកអធិការ នគរ បាលខណ្ឌ, លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាព ចំណុះរដ្ឋបាលខណ្ឌ ទាំង១១, លោកចៅសង្កាត់ទាំង០៥, លោក-លោកស្រីនាយករងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៥, លោកប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។

ជាកិច្ចចាប់ផ្តើមនាឱកាសនោះ លោកថេង សុថុល ក៏បានលើកឡើងពីសេចក្ដីជូនដំណឹងណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ, មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការហែក្បួន ផ្សេងៗ ទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។

នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានាត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសស់មេរោគបំប្លែងថ្មីអូមីក្រុង និងត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនីដែលអាចបង្កឱ្យមាន គ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធិភាព។

ជាមួយគ្នានេះដែរ លោក ថេង សុថុល ក៏បានណែរនាំ និងជំរុញឱ្យអាជ្ញាមូលដ្ឋានខណ្ឌ-សង្កាត់ បន្តសហការជាមួយសម្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ដូចជាបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀនជាដើម។

ក្នុងកិច្ចប្រជុំនេះលោក ថេង សុថុល ក៏បានលើកឡើងពីការងារជម្រុញការចាក់វ៉ាក់សាំង ដូសជម្រុញ ទាំងដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋ ក៏ដូចជាការងារ តាមដាន ត្រួតពិនិត្យគ្រប់គ្រងអ្នកជំងឺកូវីដ-១៩ ជាពិសេស ប្រភេទបំប្លែងថ្មី អូមីក្រុង ក្នុងមូលដ្ឋានផងដែរ។

លោកអភិបាលខណ្ឌ បានបន្ថែមថ្លែងថា ទាក់ទងនឹងការចាក់វ៉ាកសាំងនេះ នៅតែមានប្រជាពលរដ្ឋ មិនទាន់បានទៅទទួលច្រើន ដូច្នេះត្រូវជំរុញឱ្យពួកគាត់ ទៅទទួល វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា និងបន្តផ្សព្វផ្សាយពីវិធានការ ៣កុំ និង៣ការពារ ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាលពីជំងឺកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងថ្មីតែម្ដង៕