(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋប្រមាណជាង៧ពាន់នាក់ បានប្រគល់ដីព្រៃលិចទឹកដែលខ្លួនទន្ទ្រានយកដោយខុសច្បាប់ ជូនរាជរដ្ឋាភិបាលវិញដោយស្ម័គ្រចិត្ត ដែលមានទំហំសរុបជាង៣ម៉ឺនហិចតា។ នេះបើតាមការឲ្យដឹងពី លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

អភិបាលខេត្តកំពង់ឆ្នាំងរូបនេះ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋទាំងជាង៧ពាន់នាក់នេះ បានប្រគល់ដីជូនរាជរដ្ឋាភិបាលវិញ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដោយស្ម័គ្រចិត្ត និងគ្មានការប៉ះទង្កិចគ្នាដោយអំពើហិង្សាបន្ដិចនោះឡើយ។ លោកថា គោលបំណងនៃការដកហូតដីព្រៃលិចទឹក ត្រឡប់មកវិញនេះ គឺដើម្បីស្ដារឡើងវិញនូវធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប។

លោក ស៊ុន សុវណ្ណរិទ្ធិ បានថ្លែងបែបនេះថា «ប្រជាពលរដ្ឋដែលបានចូលមកស្វ័យប្រកាសដោយស្ម័គ្រចិត្ត មកដល់ម៉ោងនេះមាន ៧៥៣១នាក់ គិតជាផ្ទៃដី ស្មើនឹង៣០៥៨៩ហិចតា»

លោកបន្ថែមទៀតថា បឹងទន្លេសាបនេះ មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ខេត្តកំពង់ឆ្នាំង ឬក៏ខេត្តនៅជុំវិញនោះទេ ពោលបឹងទន្លេសាបនេះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដូច្នេះប្រសិនបើបន្ដទុកឲ្យមានការបំផ្លិចបំផ្លាចពីជនមានអំណាចមួយក្ដាប់នោះ នឹងបំផ្លាញនូវអ្វីដែលជាសម្បត្តិរួមរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសជម្រកមច្ឆាជាតិគ្រប់ប្រភេទដែលរស់នៅក្នុងបឹងទន្លេសាប។

បើតាមលោកអភិបាលខេត្ត បន្ទាប់ពីទទួលបានដីដែលជាការប្រគល់ដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋវិញហើយនោះ អាជ្ញាធរក៏កំពុងតែដំណើរការវាស់វែង និងកំណត់ព្រំនៅតំបន់២ តំបន់៣ ឲ្យច្បាស់លាស់បន្ថែមទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋយល់ច្រឡំ។ លោកថា បច្ចុប្បន្នមន្ដ្រីជំនាញកំពុងតែធ្វើការវាស់វែងព្រំ ប៉ុន្ដែមិនទាន់បានទាំងស្រុងនៅឡើយទេ ដោយសារទឹកមិនទាន់ស្រក។

លោកបានឲ្យដឹងទៀតថា ក្រៅពីកំពុងដំណើរការវាស់វែងកំណត់ព្រំ អាជ្ញាធរក៏បានដាំដើមឈើឡើងវិញមួយចំនួនផងដែរ ក្នុងនោះដាំកូនត្នោតបានប្រមាណជាង៨ម៉ឺនគ្រាប់ ដែលជាការឧបត្ថម្ភមួយផ្នែកធំ របស់ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង។ លោក ស៊ុន សុវណ្ណរិទ្ធិ បញ្ជាក់ថា ការដាំដើមឈើឡើងវិញនេះ គឺមានការដាំជាជួរត្រឹមត្រូវ សំដៅទាក់ទាញមួយផ្នែក នៃវិស័យទេសចរណ៍ផងដែរ។

ដូច្នេះលោកបានអះអាងថា ប្រជាពលរដ្ឋដែលធ្លាប់តែអាស្រ័យផលលើដំណាំស្រូវ លើដីដែលខ្លួនកាន់កាប់ដោយខុសច្បាប់នោះ ក៏អាចបង្វែរមកទទួលផលប្រយោជន៍ពីការលក់ដូរត្រី នៅតំបន់បឹងទន្លេសាប និងវិស័យទេសចរណ៍ជាដើម។

ជាមួយគ្នានេះ លោក ស៊ុន សុវណ្ណរិទ្ធិ បានគូសបញ្ជាក់ថា ក្នុងប្រតិបត្តិការដកហូតព្រៃលិចទឹកពីការកាន់កាប់ដោយខុសច្បាប់ត្រឡប់មកវិញនេះ កម្លាំងសមត្ថកិច្ចក៏បានរុះរើស ខ្ទប់ចាំដីខុសច្បាប់ ចំនួន៥៥កន្លែង និងដកបង្គោលព្រំដី ចំនួន២០៣បង្គោលផងដែរ។ យ៉ាងណាមិញ មនុស្សផ្សេងទៀតមិនត្រូវបានចាប់ខ្លួននោះទេ ក្រៅពីមនុស្សពីរនាក់ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននោះ។

សូមរំលឹកថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន ឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់ហាមឃាត់។ ឈ្មោះ ស៊ុ សុជាតិ ឈ្មោះហៅក្រៅ ឈុយ ត្រូវបានតុលាការចោទប្រកាន់ពីបទ បំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។

ដោយឡែក លោក កែវ ណារុន អាយុ៥៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទបំផ្លាញ និងតៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក និងបទមិនប្រកាសទ្រព្យសម្បត្តិ និង បំណុល ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃបឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០៨ នៃក្រម ព្រហ្មទណ្ឌ និងមាត្រា ៩៨ នៃច្បាប់ស្តីពីជលផល និងមាត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

លោកឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ និងលោកវរសេនីយ៍ឯក កែវ ណារុន ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីហៅទៅសួរនាំ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិច។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្ត ជាពិសេសខេត្តជុំវិញបឹងទន្លេសាប ត្រូវបើកប្រតិបត្តិការយ៉ាងក្ដៅគគុកចុះទៅបង្ក្រាប និងដកហូតដែនដីព្រៃលិចទឹក ដែលរងការរំលោភបំពាន កាន់កាប់រាប់ពាន់ហិចតា នាពេលកន្លងមក ជាពិសេសក្នុងខេត្តកំពង់ឆ្នាំងតែម្ដង។

ពាក់ព័ន្ធរឿងដីព្រៃលិចទឹកនេះ អភិបាលស្រុក៣រូបនៅក្នុងខេត្តកំពង់ឆ្នាំង រួមមានស្រុកបរិបូណ៌ ស្រុកកំពង់លែង និងស្រុកជល់គិរី ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចដោះដូរផងដែរ៕