(ភ្នំពេញ)៖ លោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់យ៉ាងលម្អិត អំពីប្រតិបត្តិការពាណិជ្ជកម្ម ដែលជាប់កាតព្វកិច្ចបង់ពន្ធអាករលើតម្លៃបន្ថែម។

លោក កែន សម្បត្តិ បានថ្លែងថា បុគ្គលជាប់អាករសំដៅដល់៖
១៖ អ្នកជាប់ពន្ធអនិវាសនជន (អ្នកជាប់ពន្ធដែលមិនមា នទីតាំងស្នាក់ការក្នុងប្រទេស) ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡេចត្រូនិក ចូលប្រទេសកម្ពុជា ដែលត្រូវមានកតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម។

២៖ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលទទួលបានការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ពីអ្នកជាប់ពន្ធអនិវាសនជន។

ការបង់ពន្ធអាករលើតម្លៃបន្ថែម អនុវត្តន៍ចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល តាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់ និវាសនជននៅក្រៅប្រទេស មកកាន់ប្រទេសកម្ពុជា និងចំពោះអ្នកជាប់ពន្ធនិវាសនជន ដែលទទួលបានការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ពីអ្នកជាប់ពន្ធអនិវាសនជន។

ចំពោះអ្នកជាប់ពន្ធអនិវាសនជន ក៏រួមបញ្ជូលទាំងការប្រតិបត្តិការថ្នាលអេឡិចត្រូនិកផងដែរ។ ចំពោះប្រតិបត្តិការថ្នាលអេឡិចត្រូនិក គឺជាការសំដៅដល់អ្នកជាប់ពន្ធអនិវាសនជន ដែលផ្គត់ផ្គង់សេវាទទួលការទូទាត់ទំនិញឌីជីថល និងសេវាឌីជីថល ជូនអ្នកទិញតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងនាមជាអ្នកជាប់ពន្ធអនិវាសនជន ក៏ត្រូវតែមានកាតព្វកិច្ចចុះបញ្ជី និងក្លាយជាបុគ្គលជាប់អាករ។

លោក កែន សម្បត្តិ បន្តថា ចំពោះអ្នកប្រកបអាជីវកម្មលក់ដូរតាមអនឡាញនៅកម្ពុជា មិនមានជាប់ពន្ធអាករលើតម្លៃបន្ថែមទេ ដោយសារតែពួកគាត់ជាអ្នកជាប់ពន្ធដែលអាចចុះបញ្ជីនៅកម្ពុជា នៅពេលមានផលរបរណាមួយ ហើយប្រសិនអ្នកប្រកបអាជីវកម្ម ដែលត្រូវកុម៉្មងឥវ៉ាន់ពីបណ្ដាប្រទេសផ្សេងៗ ក៏មិនមានកតព្វកិច្ចបង់ពន្ធអាករលើតម្លៃបន្ថែមឡើយ ដោយសារតែនេះជាទំនិញរូបវន្ដបុគ្គល ដែលបានផ្ញើរមកតាមរយៈកប៉ាល ឬប្រៃសណីយ៍ និងបានបង់ពន្ធ តាមរយៈអគ្គនាយកដ្ឋានគយ។

ចំពោះទំនិញឌីជីថលនេះ គឺកង្គត់ធ្ងន់លើទំនិញអរូបិយដូចជា ការដោនឡូតកម្មវីធីផ្សេងៗ សម្រាប់មើលតាមទូរទូស្សន៍ជាដើម ទាំងនេះទើបមានកាតព្វកិច្ចបង់ពន្ធអាករលើតម្លៃបន្ថែម។

សូមជម្រាបថា ការអនុវត្តអាករលើតម្លៃបន្ថែម (VAT) ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋតែងតែភ័ន្ដច្រឡំថា ជាការបង្កើតពន្ធថ្មី ហើយមន្រ្ដីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ក៏ធ្លាប់បញ្ជាក់ចំពោះការយល់ច្រឡំនេះថា៖ ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាការបង្កើតពន្ធថ្មីនោះទេ។

អាករលើតម្លៃបន្ថែម (VAT) គឺជាពន្ធត្រូវបានប្រមូលលើផលិតផល ឬសេវាគ្រប់ភេទរួចហើយ ក្នុងច្បាប់សារពើពន្ធ ប៉ុន្តែកន្លងទៅការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកអត់ទាន់មានច្បាប់ តែនៅឆ្នាំ២០១៩ ច្បាប់ ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកច ត្រូវបានអនុម័ត ដូច្នេះតាមរយៈច្បាប់នេះ មានការកំណត់និយមន័យ ពីសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ទើបធ្វើការសម្រួលពន្ធ VAT ដែលយើងបានអនុវត្តរួចនោះ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះដែរ ទើបមានការយល់ច្រឡំថា រាជរដ្ឋាភិបាលបង្កើតពន្ធថ្មី ប៉ុន្តែមិនមែនទេ គឺជាពន្ធដែលយើងមានស្រាប់។

អនុក្រឹត្យ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវិសាលភាពគ្របដណ្តប់ក្រុមហ៊ុនបរទេស ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍ (ទីតាំងស្នាក់ការ) នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ដូចជាក្រុមហ៊ុនណាមួយ ដែលមិនមានទីតាំងក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជា ប៉ុន្តែក្រុមហ៊ុននោះមានអតិថិជនរបស់ខ្លួននៅកម្ពុជា ដូច្នេះអនុក្រឹត្យថ្មីនេះ មានវិសាលភាពគ្របដណ្តប់ ទៅលើយក្រុមហ៊ុនប្រភេទនេះ។ នៅពេលអតិថិជនក្នុងស្រុកទិញសេវា ឬផលិតឌីជីថល ពីក្រុមហ៊ុនដែលមិនមានទីតាំងក្នុងស្រុកខ្មែរ ក្រុមហ៊ុននោះត្រូវកាត់ទុក VAT ចំនួន១០%៕