(ឧត្តរមានជ័យ)៖ លោក កាវ៉ាងុជិ ម៉ាសាគិ ប្រធានការិយាល័យកុងស៊ុលជប៉ុនថ្មីប្រចាំខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ជាមួយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្ត នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនេះដែរ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក ប៉ែន កុសល្យ បានសំដែងនូវការស្វាគមន៍ចំពោះវត្តមានលោក កាវ៉ាងុជិ ម៉ាសាគិ និងប្រតិភូអមដំណើរដែលបានមកកាន់ខេត្តឧត្តរមានជ័យ ជួបសំដែងការគួរសម និងពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងខេត្តឧត្តរមានជ័យ និងប្រទេសជប៉ុន។

លោក ប៉ែន កុសល្យ ក៏បានថ្លែងជម្រាបជូនប្រធានការិយាល័កុងស៊ុលជប៉ុនថ្មីប្រចាំខេត្តសៀមរាប និងប្រតិភូអមដំណើរ ពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តឧត្តរមានជ័យ ក៏ដូចជាវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្តឧត្តរមានជ័យផងដែរ។ លោកក៏បានថ្លែងជម្រាបជូន ប្រធានការិយាល័យកុងស៊ុលជប៉ុនថ្មីថា សម្រាប់ខេត្តឧត្តរមានជ័យ ប្រហែលជាមិនមានប្រជាជនជប៉ុនច្រើនទេដែលស្គាល់ តែបើនិយាយពី តាកាតា ហារុយុគិ ពិតជាមានប្រជាជប៉ុនជាច្រើនបានស្គាល់ និងចងចាំ ដោយសារលោកត្រូវបាត់បង់ជីវិតក្នុងទឹកដីមួយនេះ គឺនៅស្រុកបន្ទាយអំពិល ហើយជំនួយសប្បុរសមួយសម្រាប់ជាការចងចាំចំពោះរូបលោកគឺសាលា «តាកាតា ហារុយុគិ» ត្រូវបានសាងសង់ឡើងនៅទីនេះ ដែលជាទីបញ្ចុះសពលោកផងដែរ។

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងដោយក្តីជឿជាក់យ៉ាងមុតមាំថា តាមរយះដំណើរទស្សនកិច្ចដ៏មានសារសំខាន់ នៅលើទឹកដីខេត្តឧត្តរមានជ័យនាឱកាសនេះ ពិតជាបានពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តឧត្តរមានជ័យ និងប្រទេសជប៉ុន និយាយជារួម នឹងឈានដល់ការចាប់ដៃគូរជាមួយបណ្តាខេត្តនានារបស់ជប៉ុន និយាយក្នុងក្របខណ្ឌដោយឡែក ឲ្យកាន់តែរឹងមាំទ្វេឡើង ពិសេសការងារវិនិយោគលើផ្នែកកសិកម្ម និងទេសចរណ៍ដែលជាសក្តានុពលសំខាន់ និងចម្បងរបស់ខេត្តឧត្តរមានជ័យ ហើយក៏សូមស្នើដល់លោកប្រធានការិយាល័យកុងស៊ុលជប៉ុនថ្មី ជួយសម្របសម្រួលលើការងារនេះផងដែរ៕