(ភ្នំពេញ)៖ រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅស្ថានទូតចិនប្រចាំនៅកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ជួបពិភាក្សាការងារជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានអបអរសាទរ និងជូនពរដល់ឯកអគ្គរដ្ឋទូត និងសហការី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ឆ្នាំ២០២២ ផងដែរ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លើការងារសកម្មភាពមីនកម្ពុជា ដោយបានទទួលជោគជ័យនូវសមិទ្ធិផលជាច្រើន ទោះបីមានការរីករាលដាលសកលនៃជំងឺកូវីដ១៩ ក៏ដោយ។

លោកបន្តថា «ការងារបោសសម្អាតមីន នៅតែមានការចូលរួមគាំទ្រយ៉ាងច្រើនពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធដទៃទៀត ក្នុងនោះប្រទេសចិនគឺជាមិត្តដ៏សំខាន់មួយផងដែរ ហើយឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន គ្រោងនឹងរៀបចំពិធីអបអរសាទរខួបលើកទី៣០ នៃការចាប់ផ្តើមការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា»

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគាំទ្រជួយដល់ការអភិវឌ្ឍនៅកម្ពុជា គ្រប់កាលៈទេសៈ ក្នុងនោះរួមមាន ទាំងការផ្តល់ជំនួយឥតសំណងដ៏ថ្លៃថ្លា សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ ទាំងសម្ភារបច្ចេកទេស ហិរញ្ញវត្ថុ និងបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការខិតខំប្រឹងប្រែងរបស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងការចូលរួមនិងសម្របសម្រួលក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។

លោកបន្តទៀតថា ថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអនុញ្ញាតឲ្យកងកម្លាំងកងទ័ពជើងគោក អាចចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ក្នុងគោលដៅដើម្បីពន្លឿងដល់ការងារបោសសម្អាតមីនឲ្យអស់ត្រឹម ឆ្នាំ២០២៥ ហើយលោកបានសំណូមពរឲ្យមហាមិត្ត បន្តជួយគាំទ្រទាំងថវិកា សម្ភារ និងបច្ចេកទេសដល់កងទ័ពជើងគោក សម្រាប់ការងារមនុស្សធម៌នេះ។

លោក Wang Wentian បានថ្លែងថា ការងារបោសសម្អាតមីន ពិតជាមានសារៈសំខាន់ណាស់សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងជួយសង្រ្គោះជីវិតមនុស្ស ហើយប្រទេសចិន ពេញចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន គាំទ្រដល់វិស័យបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដើម្បីឲ្យកម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត មានសេចក្តីសប្បាយរីករាយណាស់ ចំពោះទឹកចិត្តស្រឡាញ់របស់ប្រជាជនខ្មែរជាបងប្អូន ដែលតែងតែមកចូលរួមអបអរសាទរ និងជូនពររូបលោក និងសហការី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនជារៀងរាល់ឆ្នាំ៕