(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើតពីកូរ៉េមកកម្ពុជា និងបើកកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើតលើកទី៥៣។

ពិធីនេះមានការចូលរួមតាមប្រព័ន្ធអនឡាញ និងចូលរួមផ្ទាល់ ពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, ថ្នាក់ដឹកនាំ សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា សមាជិកសមាជិកាក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើតទាំង១៣ប្រទេស តំណាងអង្គការដៃគូររបស់ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ភ្ញៀវជាតិ និងអន្តជាតិជាច្រើនរូប។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលភារៈជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ឆ្នាំ២០២២ បន្តវេនពី លោក ហាគី ជូ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ឆ្នាំ២០២១ ដែលបានបញ្ចប់អាណត្តិ។

ថ្លែងក្នុងពិធីផ្ទេរតំណែងនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត បានថ្លែងអំណរគុណចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើតទាំងអស់ ដែលបានចូលរួមក្នុងពិធីផ្លូវការនេះ និងបានគាំទ្រ អ្នកឧកញ៉ាជាប្រធានក្រុមប្រឹក្សា។ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា ការទទួលតំណែងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើតក្នុងឆ្នាំនេះ ស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមដែលសេដ្ឋកិច្ចពិភពលោក កំពុងរងផលវិបាកធ្ងន់ធរដោយសារវិបត្តិជំងឺកូវីដ-១៩។

ក្នុងន័យនេះ សម្រាប់អណត្តិថ្មីឆ្នាំ២០២២ ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត បានកំណត់យកមូលបទ «ការតភ្ជាប់អាស៉ីខាងកើត សម្រាប់ការស្តារក្នុងតំបន់ប្រកបដោយថាមពល បរិយាបន្ន និងចីរភាព» និងបានដាក់ចេញនូវកម្មវិធីគាំទ្រចម្បងៗចំនួនបី រួមមាន៖

១៖ ការកែសម្រួលវិសាលភាពពាណិជ្ជកម្មក្នុងតំបន់ តាមរយៈកិច្ចសម្រួលពាណិជ្ជកម្ម និងការផ្សព្វផ្សាយអំពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលនឹងដើរតួជាយន្តការក្នុងការស្តារសេដ្ឋកិច្ច និងធុរកិច្ចក្នុងតំបន់អាស៉ីខាងកើត

២៖ ការឆ្លើយតបនឹងវិបត្តិកូវីដ១៩ តាមរយៈផលចំណេញពីប្រសិទ្ធភាព និងផលិតភាពនៃនវានុវត្តន៍ឌីជីថលសម្រាប់វិស័យធុរកិច្ចក្នុងតំបន់

៣៖ ការកសាងឡើងវិញនូវខ្សែរច្រវាក់ផលិតកម្មតំបន់ដែលធន់នឹងវិបត្តិ និងស្តារឡើងវិញនូវការធ្វើដំណើរឆ្លងដែនដោយសម្រាប់ធុរកិច្ចដោយរលូន និងប្រកបដោយសុវត្ថិភាព ស្របពេលជាមួយគ្នានោះ ក៏ជួយជំរុញការតភ្ជាប់រវាងប្រជាជននិងប្រជាជន និងសកម្មភាពធុរកិច្ច។

អ្នកឧកញ៉ាប្រធាន បានថ្លែងអំណរគុណ និងកោតសរសើរ លោក ហាគី ជូ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ឆ្នាំ២០២១ ចំពោះសមិទ្ធផលនានាដែលសម្រេចបាននៅក្នុងអណត្តិរបស់លោក និងចូលរួមអបអរសាទរ ចំពោះការបង្កើតក្រុមប្រឹក្សាធុរកិច្ចនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលនឹងយ៉ាងសំខាន់ជាដៃគូសន្ទនាជាមួយរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។ អ្នកឧកញ៉ាប្រធាន បានស្នើសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើតទាំង១៣ប្រទេស បន្តគាំទ្រ និងចូលរួមចំណែក អនុវត្តកម្មវិធីអាទិភាពនានារបស់របស់ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ស្របតាមមូលបទដែលបានកំណត់ដើម្បីប្រយោជន៍រួម។

បន្ទាប់ពីពិធីផ្ទេរតំណែងជាផ្លូវការ បានបញ្ចប់ អ្នកឧកញ៉ាប្រធានបានបន្តដឹកនាំកិច្ចប្រជុំលើកទី៥៣ របស់ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ដែលលើកយកចំណុចសំខាន់ៗដូចតទៅមកពិភាក្សា៖

១៖ មូលបទ និងកម្មវិធីអាទិភាពឆ្នាំ២០២២
២៖ សកម្មភាពសំខាន់របស់ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើតសម្រាប់ឆ្នាំ២០២២
៣៖ ការអនុម័តលើកំណត់ហេតុអង្គប្រជុំលើកទី៥២
៤៖ លទ្ធផលនៃរបាយការណ៍កិច្ចសន្ទនារវាងក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត និងរដ្ឋមន្ត្រីអាស៊ានបូកបី និង ការដាក់បញ្ចូលអនុសាសន៍របស់ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ឆ្នាំ២០២១ ទៅក្នុងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានបូកបី
៥៖ កិច្ចពិភាក្សាបញ្ហាពាក់ព័ន្ធនានា អំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់
៦៖ សេចក្តីសម្រេចចំពោះការស្ទង់មតិ អំពីនិន្នាការធុរកិច្ចរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើតសម្រាប់ឆ្នាំ ២០២២
៧៖ ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំបន្ទាប់ និង
៨៖ បញ្ហាផ្សេងៗ។

សមាជិកសមាជិកាក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត បានចូលរួមអបរសាទ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត។ អង្គប្រជុំបានពិភាក្សាយ៉ាងផុលផុស និងផ្តល់ធាតុចូលទៅលើរបៀបវារៈនីមួយៗខាងលើ។ កិច្ចប្រជុំលើកទី៥៣ របស់ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត បានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរភាពផងដែរ។

សូមជម្រាបថា ក្រុមប្រឹក្សាធុរកិច្ចអាស៉ីខាងកើត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូកបី។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និងរបាយការណ៍អនុសាសន៍របស់វិស័យឯកជន ដាក់ជូនប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ានបូកបី ដើម្បីពិនិត្យ និងពិចារណា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចតំបន់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឯកជនទាំងធុរកិច្ចនិងវិនិយោគ រវាងប្រទេសសមាជិក អាស៊ាន ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)៕