(ភ្នំពេញ)៖ សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដែលជាសមាគមក្នុងវិស័យថ្មីមួយនៅកម្ពុជានោះ បានប្រកាសប្ដេជ្ញាពង្រឹងសមាជិក-សមាជិករបស់ខ្លួននៅតាមខេត្ត និងតាមខណ្ឌនីមួយៗ ឱ្យក្លាយជាអ្នកប្រកបការងារនិងមុខរបរដែលមានវិជ្ជាជីវៈ ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី និងសំណង់នេះ។

ការប្រកាសប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា បានប្រកាសបញ្ចូលសមាជិក-សមាជិកាពេញសិទ្ធិរបស់ខ្លួនមានចំនួនជាង៦០០នាក់ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឡី សុភាព ប្រធានសមាគមវិនិយោគិនកម្ពុជា ហើយក៏ជាប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជានេះផងដែរ។

បន្ទាប់ពីស្ដាប់ការប្ដេជ្ញាចិត្តរបស់តំណាងសមាជិកសមាគមរួចមក លោកបណ្ឌិត ឡី សុភាព បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យដីធ្លី និងសំណង់ក៏មានការអភិវឌ្ឍកើនឡើងផងដែរ។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតច្បាប់ស្ដីពីសំណង់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ និងការអភិវឌ្ឍដីធ្លីជាដើម។

លោក ឡី សុភាព បានបន្តថា គោលបំណងរបស់សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា គឺចង់ចូលរួមអភិវឌ្ឍវិស័យដីធ្លី និងសំណង់នៅកម្ពុជាជាមួយរាជរដ្ឋាភិបាល។ ជាក់ស្ដែង ការប្រកាសបញ្ចូលសមាជិកពេញសិទ្ធិនៃសមាគមនាពេលនេះ គឺស្របពេលនឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ គោលបំណងមួយទៀត គឺខិតខំធ្វើជាដៃគូទំនាក់ទំនងជាមួយអ្នកវិនិយោគនៅក្រៅប្រទេស ដែលមានបំណងចង់មកវិនិយោគនៅប្រទេសកម្ពុជា ពីព្រោះកន្លងធ្លាប់អ្នកវិនិយោគក្រៅប្រទេសចង់មកវិនិយោគលើវិស័យដីធ្លីនៅកម្ពុជា ប៉ុន្តែមិនមានដៃគូទំនាក់ទំនងជាមួយ។

អ្វីដែលជាការប្ដេជ្ញាចិត្តរបស់លោកប្រធាន ឡី សុភាព គឺសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជានឹងខិតខំពង្រឹងសមត្ថភាព និងពង្រីកចំណេះដឹងដល់សមាជិក-សមាជិករបស់ខ្លួននៅតាមខេត្ត និងតាមខណ្ឌនីមួយៗ ឱ្យក្លាយជាអ្នកប្រកបការងារនិងមុខរបរដែលមានវិជ្ជាជីវៈ ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី និងសំណង់នេះ។ លោកថា សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា «មានចរិតតស៊ូ និងវិន័យ»

លោកបានណែនាំបន្ថែមដល់ប្រធាននិងសមាជិកសមាគមតាមខេត្ត និងខណ្ឌត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការក្ដាប់ពីសភាពការណ៍ដីធ្លី និងសំណង់ក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវធ្វើជាភ្នាក់ងារដើម្បីផ្ដល់ព័ត៌មានមកសមាគម ដើម្បីយកទៅទំនាក់ទំនងពិភាក្សាជាមួយដៃគូវិនិយោគផ្សេងៗទៀត។

លោកបានដាក់គោលនយោបាយ «៣ផ្ដ» គឺ ផ្ដុំ ផ្ដើម ផ្ដល់។ ដំបូង គឺត្រូវផ្ដុំគ្នាជាសមាជិកនៅតាមខេត្ត ខណ្ឌនីមួយៗ បន្ទាប់មកគឺត្រូវផ្ដើមធ្វើអ្វីមួយ ដូចជាបង្កើតមុខរបរអាជីវកម្មលក់ដូរផលិតផលជាដើម និងផ្ដើមការងារនិងមុខរបរក្នុងវិស័យដីធ្លី និងសំណង់ ដើម្បីរកចំណូលសមរម្យឱ្យបានកាន់តែច្រើន។ បន្ទាប់ពីមានសមត្ថភាពគ្រប់គ្រាន់ក្នុងផែនការងាររបស់ខ្លួនហើយ សមាគមក៏នឹងរៀបចំតួនាទី មុខតំណែង ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗជូនថ្នាក់ដឹកនាំ និងសមាជិកទៅតាមជំនាញរៀងៗខ្លួន បន្ទាប់ពីពួកគេបានខិតខំបំពេញការងារ និងមុខរបររបស់ខ្លួន។

ប្រធានសមាគមរូបនេះបានបន្តណែនាំដល់សមាជិកទៀតថា មុននឹងប្រកបអាជីវកម្ម និងធ្វើការងារអ្វីមួយ ត្រូវមានការពិគ្រោះយោបល់គ្នាជាមុន។ ចំណែកប្រធានសមាគមនៅតាមខេត្ត-ខណ្ឌក៏ត្រូវជួបប្រជុំជាមួយសមាជិកជាប្រចាំ។ ប្រធានតាមខេត្ត-ខណ្ឌ និងសមាជិកសមាគមទៀតសោត ក៏ត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី ដើម្បីពង្រឹងការយល់ដឹងបន្ថែមអំពីច្បាប់ទម្លាប់នានា និងពង្រីកបណ្ដាញឱ្យកាន់តែទូលាយផងដែរ៕