(ញូវយ៉ក)៖ បន្ទាប់ពីបានដើរយកព័ត៌មាននៅតាមគោលដៅទេសចរណ៍កម្ពុជានាអំលុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២រួចមក សារព័ត៌មាន Bloomberg របស់សហរដ្ឋអាមេរិកបានចុះផ្សាយអំពីគោលដៅទេសចរណ៍នៅកម្ពុជា ដែលស័ក្តិសមបំផុតសម្រាប់ការទស្សនារបស់ភ្ញៀវទេសចរក្នុងដំណាក់កាលកូវីដនេះ ដោយគេបានរំលេចចំណងជើងថា គ្មានពេលវេលាណាល្អជាងពេលមកទស្សនាប្រាសាទអង្គរវត្តឡើយ There’s Never Been a Better Time to Visit Angkor Wat។

សារព័ត៌មានរបស់សហរដ្ឋអាមេរិកមួយនេះបានបញ្ជាក់អំពីចំណុចសំខាន់ៗនៃការបើកឡើងវិញដូចខាងក្រោម៖

ទី១៖ ជោគជ័យនៃការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រជាជនទូទាំងប្រទេសជាង៨៣% បានទទួលវ៉ាក់សាំងពេញលេញ ដែលកម្ពុជាបានឈរនៅលំដាប់លេខរៀងទី៨លើពិភពលោកជាប្រទេសដែលមានប្រជាជនចាក់វ៉ាក់សាំងច្រើនជាងគេបំផុត នេះបើយោងតាមទិន្នន័យដែលទទួលបានពីសាកលវិទ្យាល័យ Johns Hopkins ហើយករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ បានធ្លាក់ចុះជាបន្តបន្ទាប់។

ទី២៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកទទួលភ្ញៀវទេសចរអន្តរជាតិវ៉ាក់សាំងឱ្យចូលមកទស្សនាកម្ពុជាឡើងវិញដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នោះមក មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនចាប់ផ្តើមបើកជើងហោះហើរឡើងវិញផងដែរ ក្នុងនោះក៏មានក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airlines) បានចាប់ផ្តើមបើកការហោះហើរប្រចាំថ្ងៃមកកាន់ខេត្តសៀមរាប ហើយការកក់បន្ទប់សណ្ឋាគារ និងភោជនីយដ្ឋាន ក៏ចាប់ផ្តើមមានសន្ទុះឡើងវិញគួរឱ្យកត់សម្គាល់។

ទី៣៖ ក្រៅពីប្រាសាទអង្គរវត្ត អ្នកទស្សនាគួរតែផ្តល់អាទិភាពទៅទស្សនានៅប្រាសាទតាព្រហ្ម ដែលល្បីល្បាញនៅក្នុងឈុត «Lara Croft: Tomb Raider» ជាមួយ Angelina Jolie ដែលមានឫសឈើបុរាណរុំព័ទ្ធជុំវិញបដិមាថ្មដែលមានអាយុកាលរាប់សតវត្ស។ ប្រាសាទបាយ័ន ដែលជាចំណុចលេចធ្លោនៃក្រុងអង្គរធំដែលមានមុខញញឹមចំនួន២១៦ ដែលគេជឿថាជារូបចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី៧ផ្ទាល់ ក្នុងសភាពស្ងប់ស្ងាត់យ៉ាងអស្ចារ្យផងដែរ។ ទន្ទឹមនឹងនេះ សួនច្បារ និងផ្លូវថ្មីៗជាច្រើនខ្សែបាននិងកំពុងសាងសង់ពេញទីក្រុងសៀមរាប ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ត ទស្សនាប្រាសាទនានាជុំវិញបរិវេណតំបន់អង្គរ និងក្រៅតំបន់អង្គរ ប្រកបដោយភាពទាក់ទាញ។

ទី៤៖ ប្រព័ន្ធប្រព្រឹត្តកម្មទឹកដែលប្រសើរឡើងបានកាត់បន្ថយការជន់លិចនៅរដូវវស្សា។ Angkor Eye Ferris wheel - បញ្ចប់នៅឆ្នាំ២០២០ ប៉ុន្តែនៅតែស្រស់ស្អាត បានត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជូននូវទិដ្ឋភាពចល័តនៃប្រាសាទដែលនៅឆ្ងាយ។ ការជិះប៉េងប៉ោងខ្យល់ឥឡូវឱ្យភ្ញៀវទេសចរគយគន់ថ្ងៃលិចពណ៌មាសនៅតំបន់រមណីយដ្ឋានអង្គរពីលើអាកាស។

ទី៦៖ ព្រលានយន្តហោះខ្នាតអន្តរជាតិថ្មីមួយចំនួនកំពុងសាងសង់ ហើយអាចនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៣។

សារព័ត៌មានខាងលើក៏បានសង្កត់ធ្ងន់ថា ការចាប់ផ្តើមបើកឡើងវិញនៃគោលដៅទេសចរណ៍នឹងបង្កើតក្តីសង្ឃឹមដល់សហគមន៍ និងជាឱកាសសម្រាប់មួយជីវិតរបស់ភ្ញៀវទេសចរ។

Bloomberg ក៏បានបញ្ជាក់ដែរថា ការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ គឺដើម្បីឆ្ពោះទៅកាន់ការស្តារ និងបើកឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ប្រកបដោយភាពធន់ និរន្តរភាព និងការទទួលខុសត្រូវនាពេលអនាគត។ ឆ្លងកាត់បទពិសោធន៍ជោគជ័យពីការរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២កន្លងទៅ បង្ហាញថា កម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពបំផុត។

សារព័ត៌មានអន្តរជាតិមួយនេះក៏បានអំពាវនាវដល់អ្នកទេសចរអន្តរជាតិមកទស្សនាកម្ពុជាចាប់ពីឆ្នាំ២០២២នេះតទៅ កម្ពុជារង់ចាំស្វាគមន៍អ្នកទាំងអស់គ្នាដោយក្តីរីករាយ ភាពកក់ក្តៅ និងធានាជូននូវសុវត្ថិភាព ភាពស្អាត និងបៃតង (Safe Warm Clean Green)៕

ខាងក្រោមនេះជាលីងរបស់គេហទំព័រ Bloomberg៖
https://www.bloomberg.com/news/articles/2022-01-24/angkor-wat-travel-guide-when-to-go-where-to-stay-in-siem-reap-cambodia