(កំពត)៖ រដ្ឋបាលខេត្តកំពត បានសហការគ្នាជាមួយអង្គការ LAC នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បើកកិច្ចប្រជុំ ពិភាក្សា ស្ដីពីការអនុវត្តច្បាប់របបសារព័ត៌មាន ដែលកិច្ចប្រជុំពិភាក្សានេះ បានប្រព្រឹត្តឡើង នៅសាលាខេត្តកំពត។

កិច្ចប្រជុំនេះធ្វើឡើងមានវាគ្មិន ជាអធិបតីភាព លោក អ៉ឹង ឆាយ អភិបាលរងខេត្តកំពត, លោក អោក សំណាង ប្រធានមន្ទីរព័ត៌មានខេត្តកំពត និងលោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការ LAC និងមានការចូលរួម ពីមន្ត្រីរាជការពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

លោក អ៉ឹង ឆាយ បានលើកឡើងថា ការអនុវត្តច្បាប់របបអ្នកសារព័ត៌មាន នៅក្នុងខេត្តកំពតនៅពេលកន្លងមក មានលក្ខណៈល្អប្រសើរ។ អ្នកសារព័ត៌មាន បានដើរតួយ៉ាងសំខាន់ក្នុងការជួយកែលម្អចំណុចមួយចំនួន ទាក់ទិននឹងការអនុវត្តភារកិច្ចតួនាទី របស់មន្ត្រីក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្ត បន្តថា អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលមកកាន់ប្រជាពលរដ្ឋវិញ តាមរយៈព័ត៌មានវិទ្យុ ទូរទស្សន៍ ទស្សនាវត្តី សារអេឡិចត្រូនិច និងបណ្តាញសង្គម ។ល។ អ្នកសារព័ត៌មាន ប្រាប់ព័ត៌មាន ឬហេតុការណ៍ផ្សេងៗ ដែលកើតមានឡើងក្នុងសង្គម ឲ្យប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលបានដឹង ដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍បានទាន់ពេលវេលា។ ដូច្នេះដើម្បីឲ្យការបញ្ចេញព័ត៌មាន មានលក្ខណៈច្បាស់លាស់ មានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងកាន់តែមានភាពសម្បូរបែប អ្នកសារព័ត៌មាន ត្រូវចេះបង្កើតទំនាក់ទំនងល្អ ជាមួយអាជ្ញាធរ មន្ត្រីជំនាញ នៅតាមន្ទីរ អង្គភាពផ្សេងៗឲ្យបានប្រសើរ។

ក្នុងឱកាសនោះ លោក រុន សារ៉ាយ បានឲ្យដឹងថា អង្គការ LAC គឺបម្រើសកម្មភាពមិនប្រកាន់និន្នាការនយោបាយ មិនស្វែងរកប្រាក់កម្រៃ។ អង្គការនេះ ទទួលជំនួយឧបត្ថម្ភរបស់ប្រទេសអង់គ្លេស សំដៅជួយទៅលើសេវាផ្នែកច្បាប់ ជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងប្រទេសកម្ពុជា។

ដោយឡែក ពាក់ព័ន្ធការប្រជុំ ពិភាក្សា ស្ដីពីច្បាប់របបសារព័ត៌មាននេះ អង្គការ LAC បានអនុវត្តនៅតាមបណ្ដារាជធានី និងខេត្តចំនួន៣ដងរួចមកហើយ គឺនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ក្នុងគោលបំណង ផ្ដោតទៅលើចំណុចសំខាន់ៗចំនួន៣ រួមមាន៖

* ទី១- ពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មាន ឲ្យមានការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន។
* ទី២- លើកកំពស់វិស័យសារព័ត៌មាន ឲ្យមានភាពសុក្រិតយុត្តិធម៌ និងត្រឹមត្រូវរាល់ពេលចុះផ្សាយព័ត៌មាន។
* ទី៣- បណ្តុះបណ្តាលអ្នកព័ត៌មាន ឲ្យបានយល់ដឹងអំពីច្បាប់ ស្តីពីរបបសារព័ត៌មាន។

លោក អោក សំណាង ប្រធានមន្ទីរព័ត៌មានខេត្តកំពត បានលើកឡើងថា អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីប្រជាពលរដ្ឋ ទៅកាន់រាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាល មកកាន់ប្រជាពលរដ្ឋវិញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។ ហើយដើម្បីឲ្យការចុះផ្សាយព័ត៌មាន មានលក្ខណៈច្បាស់លាស់ មានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងសម្បូរបែប អ្នកសារព័ត៌មានត្រូវបង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងមន្ត្រីនៃមន្ទីរ អង្គភាពជំនាញ អាជ្ញាធរពាក់ព័ន្ធឲ្យបានល្អ៕