(ភ្នំពេញ)៖ បុរសដែលជាអ្នកបើករថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ត្រូវបានអង្គភាពការងាររបស់ខ្លួនហៅមកអប់រំណែនាំឱ្យកែប្រែកំហុស និងតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើឆ្គាំឆ្គង អសីលធម៌ ក្រោយឈ្លោះប្រកែកគ្នាជាមួយអ្នកបើកម៉ូតូតាមផ្លូវ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ។

គួរជម្រាបថា សកម្មភាពឈ្លោះប្រកែកគ្នានេះបានកើតឡើងរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចម្តុំស្ថានីយប្រេង Total ផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម Facebook និង TikTok ជាដើម។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានរៀបរាប់ដំណើររឿងថា កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានករណីបុគ្គលិកបើករថយន្តក្រុងម្នាក់ឈ្មោះ ម៉ៅ សុផល ភេទប្រុស អ្នកបើកបររថយន្តក្រុងស្លាកលេខ រដ្ឋ37 3-0218 ដែលបានឈ្លោះប្រកែកគ្នាជាមួយអ្នកបើកបរម៉ូតូតាមផ្លូវសាធារណៈ ត្រង់ចំណុចម្តុំស្ថានីយប្រេង Total ផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសេចក្តីប្រកាសព័ត៌មានបានបន្តថា ដើមហេតុ គឺបណ្តាលមកពីអ្នកបើកបររថយន្តក្រុងបានស៊ីផ្លេដាក់អ្នកបើកបរម៉ូតូដែលកំពុងបើកបរនៅទ្រូងផ្លូវ ខណៈគន្លងនោះជាគន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ ហើយក៏បានធ្វើឱ្យភាគីខាងម៉ូតូមានការខឹងសម្បារក៏ជិះតាម និងប្រើពាក្យសម្តីប្រមាថមើលងាយមួយចំនួនទៅលើអ្នកបើកបររថយន្តក្រុង។ ពេលនោះ អ្នកបើកបររថយន្តក្រុងទប់អារម្មណ៍ខឹងពុំបាន ក៏បានឈ្លោះប្រកែកគ្នាយកឈ្នះចាញ់រៀងៗខ្លួន ដោយប្រើកាយវិការ និងពាក្យសម្តីមិនសមរម្យ។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តទៀតថា ចំពោះទង្វើ និងកាយវិការគ្មានសុជីវធម៌របស់អ្នកបើកបរនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សុជីវធម៌សម្រាប់អ្នកបើកបររថយន្តក្រុងរបស់រដ្ឋាករដទៃទៀត។

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានសន្យាពង្រឹងវិន័យលើបុគ្គលិកអ្នកបើកបរខាងលើ ដោយហៅបុគ្គលិកម្នាក់ឈ្មោះ ម៉ៅ សុផល មកផ្ដល់ការអប់រំណែនាំ ព្រមទាំងតម្រូវឱ្យធ្វើកិច្ចសន្យាមិនឱ្យគាត់ប្រព្រឹត្តទង្វើបែបនេះទៀតឡើយ។

ទន្ទឹមនឹងនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកបើកបរម៉ូតូទាំងអស់មេត្តាចូលរួមចំណែកក្នុងការទុកគន្លងផ្លូវរថយន្តសម្រាប់រថយន្តធ្វើចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕