(សៀមរាប)៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នេះ សមាគមសហគ្រិនវ័យក្មេង សាខាខេត្តសៀមរាប បានរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី ក៏ដូចជាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណិតឆ្នាំ ២០២១-២០២៣។

មានប្រសាសន៍ទៅកាន់ពិធីនៅពេលនោះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប លោក ថោង ប៊ុនថារី បានគូសបញ្ជាក់ថា សន្និបាតនេះធ្វើឡើងក្នុងបំណងបង្ហាញពីសមិទ្ធផលការងារពេញមួយឆ្នាំ២០២១ និងបង្ហាញពីទិសដៅការងារបន្តទៀតនាឆ្នាំថ្មីនេះ។

ថ្លែងទៅកាន់សមាជិកសមាគមទាំងអស់ លោក ថោង ប៊ុនថារី បានបង្ហាញនូវក្ដីរីករាយជាខ្លាំង ដែលលោកមានឱកាសក្លាយជាថ្នាក់ដឹកនាំសមាគមនៅជំនាន់ទី៣នេះ ហើយលោកក៏បានរំលឹកពីដឹកនាំចំពោះថ្នាក់ដឹកនាំមុនៗ និងអរគុណចំពោះផ្តល់ឱកាសរៀនសូត្រ និងចែករំលែកបទពិសោធន៍ល្អៗជាច្រើន ដែលធ្វើឱ្យលោកមានរហូតដល់សព្វថ្ងៃនេះ។ លោកក៏មិនភ្លេចរំលឹកពីការចូលរួមរបស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកទាំងអស់ ដែលធ្វើឱ្យសមាគមមានការរីកចម្រើនលូតលាស់រហូតដល់សព្វថ្ងៃនេះ។

អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោក ឡាយ គឹមសួរ ថ្លែងឱ្យដឹងថា ឆ្នាំ២០២២ ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាន នឹងមានកម្មវិធីជាច្រើន ដែលជាផ្នែកមួយជួយជំរុញសេដ្ឋកិច្ចការងាររបស់វិស័យឯកឱ្យមានភាពរស់រវើកឡើងវិញ។

លោក ឡាយ គឹមសួរ ក៏បានកោតសរសើរចំពោះស្នាដៃការងាររបស់សមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាប និងបានជំរុញឱ្យសមាជិកសមាគមទាំងអស់ បន្តសហការនិងធ្វើការងារជាក្រុមបន្ថែមទៀត ដ្បិតថាការធ្វើការងារជាក្រុមនឹងជួយឱ្យយើងសម្រេចនូវផែនការងារនានាបានដោយជោគជ័យជានិច្ច។ បន្ថែមពីលើនោះ លោក ឡាយ គឹមសួរ ក៏ចង់ឃើញសមាគមសហគ្រិនវ័យក្មេងតាមបណ្ដាខេត្តដទៃទៀត ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានខ្លាំង និងរីកចម្រើនដូចសមាគមសហគ្រិនវ័យក្មេងសាខាខេត្តសៀមរាបដូច្នោះដែរ។

ចំណែកការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណិតឆ្នាំ ២០២១-២០២៣ គឺបានទៅលើលោក ព្រហ្ម ឌីណា ជាអនុប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ និងស្ថាបនិក ឡាយហ្វ៍ឃែរ គ្លីនិក៕