(ឧត្តរមានជ័យ)៖ ផលិតផលដំណាំដំឡូងមីរបស់ប្រជាកសិករនៅខេត្តឧត្តរមានជ័យ ត្រូវបានគេមើលឃើញថាកំពុងតែមានទីផ្សារ ខណៈមន្ត្រីបានអះអាងថា នៅដើមឆ្នាំ២០២២នេះ ការនាំចេញដំឡូងមីទៅប្រទេសថៃមានចំនួនជិត១០ម៉ឺនតោន ខណៈពេញមួយឆ្នាំ២០២១ ការនាំចេញមានជិត២៦ម៉ឺនតោន។

បើតាមលោក សូត្រ ស៉ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះថា ត្រឹមខែមករាឆ្នាំ២០២២នេះ ដំឡូងមីរបស់កសិករនៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបាននាំចេញទៅប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ក្នុងក្រុងសំរោង និងច្រកអន្តរជាតិជាំក្នុងស្រុកអន្លង់វែង មានចំនួន៨ម៉ឺនតោន ខណៈពេញមួយឆ្នាំ២០២១ ការនាំចេញមានចំនួន២៥៧,០១៤តោន។

លោកប្រធានមន្ទីរកសិកម្មបានថ្លែងបញ្ជាក់ថា ចំពោះតម្លៃដំឡូងមីក្នុងខែធ្នូ ឆ្នាំ២០២១ និងខែមករា ឆ្នាំ២០២២ គឺខុសគ្នាតិចតួច ដែលការខុសតម្លៃគ្នាតិចតួចនេះ គឺអាស្រ័យលើទីតាំងជិតឆ្ងាយ កន្លែងសៃឡូជិតគឺគេទិញបានថ្លៃបន្តិច ចំណែកទីតាំងសៃឡូនៅឆ្ងាយ គឺគេទិញបញ្ចុះតម្លៃតិចទៅដោយសារពាក់ព័ន្ធនឹងការដឹកជញ្ជូន។

លោកថា ដំឡូងមីសើមតម្លៃតម្លៃ២៧០រៀល ទៅ២៩០រៀលក្នុង១គីឡូក្រាម ចំណែកដំឡូងមីស្ងួតតម្លៃជាមធ្យម៧៤០រៀលក្នុង១គីឡូក្រាម ទៅតាមតំបន់ជិតឆ្ងាយដោយសារចំណាយលើការដឹកជញ្ជូន។

លោក សូត្រ ស៉ីសុខឃាង បានថ្លែងដោយការចាប់អារម្មណ៍ពីការកើនឡើងនៃទិន្នផលដំឡូងមីបើប្រៀបធៀបជាមួយឆ្នាំកន្លងទៅ។ លោកថា ការកើនឡើងទិន្នផលដំឡូងមីឆ្នាំនេះ គឺដោយសារការផ្លាស់ប្តូរពូជ កន្លងមក កសិករមានបញ្ហាដោយសារជំងឺមូហ្សិកវាយលុកលើដំណាំដំឡូងមីទូទាំងប្រទេស កសិករដាំទៅធ្លាក់ទិន្នផល។

លោកប្រធានមន្ទីរបានថ្លែងយ៉ាងដូច្នេះទៀតថា តាមរយៈការសហការជាមួយអង្គការ GIZ នៅក្នុងតំបន់ បានធ្វើការដាំដុះពូជថ្មីដែលធន់នឹងការឆ្លងជំងឺមូហ្សិក បានដាំទៅលើកសិករឆ្នើម ដើម្បីឲ្យពួកគាត់ផលិតពូជលក់នៅក្នុងតំបន់ ហើយបច្ចុប្បន្ននេះគឺបានធ្វើគ្រប់កន្លែងទាំងអស់ក្នុងខេត្តឧត្តរមានជ័យ ដើម្បីលក់ដើមចែកចាយទៅដល់កសិករនៅក្នុងតំបន់តាមស្រុកក្នុងខេត្តឧត្តរមានជ័យ។

លោកថា តាមរយៈការផ្លាស់ប្តូរពូជថ្មី KU៥០ និងពូជរ៉ាក់យ៉ង៧ រ៉ាក់យ៉ង៩ ហើយពូជដែលធនជាងគេគឺពូជ KU៥០ដែលធ្វើឲ្យកសិករចាប់អារម្មណ៍ បានផ្លាស់ប្តូរពូជដែលគាត់ដាំកន្លងមក ងាកមកដាំពូជ KU៥០ វិញ ធ្វើឲ្យគាត់មិនជួបបញ្ហាជំងឺឆ្លងមូហ្សិកធ្ងន់ធ្ងរ មិនថយគុណភាព
ចំណែកទិន្នផលបើប្រៀបធៀបជាមួយឆ្នាំកន្លងទៅគឺកើនឡើងច្រើន ហើយឆ្នាំក្រោយៗទៀតទិន្នផលនឹងកាន់តែកើនឡើង ដោយសារពូជដាំបានរីកសាយភាយនៅក្នុងខេត្តនឹងអាចនាំចេញទៅខេត្តផ្សេងៗ ហើយជំងឺមូហ្សិកក៏មានការថយចុះតាមរយះការផ្លាស់ប្តូរពូជ KU៥០ នេះដែរ៕