(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានអញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដែលបានមកពីអង្គការ ហាសានី អន្តរជាតិ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ចំនួន៦៥០គ្រួសារ ក្នុងនោះនៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន១៥០គ្រួសារ ភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ចំនួន៣៥០គ្រួសារ និងភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន១៥០គ្រួសារ ។

នៅក្នុងពិធីសំណេះសំណាល លោក Tayyib Yapici តំណាងអង្គការម្ចាស់ជំនួយ បានសម្ដែងនូវការសប្បាយចិត្ត និងថ្លែងអំណគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា។

ជាមួយគ្នានេះ លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណដល់តំណាង អង្គការ ហាសានី អន្តរជាតិនៃប្រទេសអាឡឺម៉ង់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន មានសុខសុន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

បន្ថែមពីនេះ លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនាំគ្នាបន្តចូលរួមថែរក្សាសុខសន្តិភាព បន្តការគាំទ្រដល់រាជរដ្ឋាភិបាល តាមរយៈការខិតខំពង្រឹងមូលដ្ឋានរបស់ខ្លួន។

គួរជម្រាបថា អំណោយដែលទទួលបានពីអង្គការខាងលើសម្រាប់មួយគ្រួសាររួមមាន អង្ករ២០គីឡូក្រាម, មី១០កញ្ចប់, ទឹកត្រី៦ដប, ត្រីខ៤កំប៉ុង, ប្រេងឆា២លីត្រ, ស្ករស២គីឡូក្រាម និងអំបិល១គីឡូក្រាម៕