(សៀមរាប)៖ វិស័យឯកជន បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងស្ដារសេដ្ឋកិច្ចឡើងវិញ ពិសេសអំឡុងពេលវិបត្តិជំងឺកូវីដ១៩។ អភិបាលរងខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានជំរុញឱ្យវិស័យឯកជនតាមរយៈសមាគមសហគ្រិនវ័យក្មេង សាខាខេត្តសៀមរាប បន្តសហការជាមួយអាជ្ញាធរ ដើម្បីជួយអភិវឌ្ឍន៍សហគមន៍មូលដ្ឋានឱ្យតែមានជីវភាពល្អប្រសើរ។

ថ្លែងក្នុងពិធីពិសាអាហារពេលល្ងាចជុំគ្នា ក្រោយបិទបញ្ចប់សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ នាល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នាសណ្ឋាគារសុខា សៀមរាប លោក នាក់ ណេរ៉ុន បានថ្លែងថា ដូចដែលគេបានដឹងជាទូទៅហើយស្ថានភាពក្នុងឆ្នាំ២០២១កន្លង ខេត្តសៀមរាបដែលជាខេត្តទេសចរណ៍ បានរងផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចធ្ងន់ធ្ងរជាងគេ។ លោកបន្តថា ដ្បិតជួបបញ្ហាជាច្រើនយ៉ាងណាក្ដី សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានរួមចំណែកជាមួយអាជ្ញាធរខេត្ត តាមរយៈចុះកិច្ចព្រមព្រៀងកាលពីឆ្នាំទៅ លើការអភិវឌ្ឍន៍សហគមន៍ព្រៃឈើចង្រ្កានរយ ដើម្បីជួយសហគមន៍នៅទីនោះ មានលទ្ធភាពទទួលទេសចរក្នុងកម្រិតស្ដង់ដា ដែលអាចទទួលបានទាំងកម្រិតជាតិ និងអន្ដរជាតិនាពេលខាងមុខ។

លោកអភិបាលរងខេត្តបានថ្លែងថា «ទាំងនេះបង្ហាញពីជោគជ័យយ៉ាងធំ ក្នុងភាពជាដៃគូ រវាងសមាគមសហគ្រិនវ័យក្មេង ដែលបន្តវេនពីប្រធានចាស់ ដែលមានលោក ឡាយ គឹមសួរ ជាប្រធាននៅពេលនោះ និងបន្តដល់ប្រធានថ្មី គឺលោក ថោង ប៊ុនថារី ហើយវានឹងក្លាយជាគំរូដ៏ល្អមួយសម្រាប់កម្ពុជា»

លោក នាក់ ណេរ៉ុន បន្ថែមទៀតថា «នេះមិនចៃដន្យទេ ខណៈដែលកម្ពុជាកំពុងអនុម័តច្បាប់មួយហៅថា ភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងឯកជន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយទៅពេលច្បាប់នេះចូលជាធរមាន ខេត្តសៀមរាប នឹងក្លាយជានិមិត្តរូបមួយនៃការចាប់ផ្តើមរាល់កិច្ចការទាំងនេះ»

លោក នាក់ ណេរ៉ុន បានចាត់ទុកកិច្ចការងារអភិវឌ្ឍន៍សហគមន៍ព្រៃឈើភ្នំចង្រ្កាន្តរយថា ជាប្រវត្តិសាស្រ្ដ និងជាមុខមាត់របស់ខេត្តសៀមរាប ដែលមានអេកូទេសចរណ៍មួយដែលគ្រប់គ្រងដោយអាជ្ញាធរខេត្តតែម្ដង ដ្បិតថា តំបន់ទេសចរណ៍ធំៗក្នុងខេត្ត គ្រប់គ្រងដោយស្ថាប័នដទៃ។

លោក ក៏សំណូមពរឱ្យសហគ្រិនទាំងអស់បន្តធ្វើការងារទាំងនេះបន្ថែមទៀត និងរួមគ្នាដោះស្រាយបញ្ហា ពិសេសក្នុងផ្នែកវិស័យសាធារណ គឺត្រូវពុះពាររកទុនពីវ័យរដ្ឋាភិបាល ហើយគម្រោងនោះមានការគាំទ្រពីស្ថាប័នអន្ដរជាតិ។

ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប លោក ថោង ប៊ុនថារី បានថ្លែងអំណរគុណចំពោះអ្នកចូលរួម និងសាទរចំពោះការផ្តល់ជូនលិខិតថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល ម្ចាស់ឧបត្ថម្ភឆ្នាំ២០២១ ពិសេសក្រុមហ៊ុនឧបត្ថម្ភឆ្នាំ២០២២នេះ ដែលធ្វើឱ្យសមាគមមានការរីកចម្រើន មាននិរន្តរភាពមកដល់ថ្ងៃនេះ។ ស្របពេលនេះ សមាគមក៏សហការ និងរៀបចំជាមួយស្ថាប័នផ្សេងៗដើម្បីជំរុញ និងកម្ពស់សេដ្ឋកិច្ចក្នុងខេត្តសៀមរាប ជាក់ស្ដែង អំឡុងកូវីដនេះ សមាគមបានចូលរួមជាអាជ្ញាធរខេត្ត ស្នងការខេត្ត មន្ទីរ អាជ្ញាធរស្រុក ចូលរួមឧបត្ថម្ភជនអាហារ ថវិកា ដល់ប្រជាពលរដ្ឋដែលខ្វះខាតអំឡុងពេលបិទខ្ទប់នាអំឡុងពេលនោះផងដែរ៕