(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងថា នៅឆ្នាំក្រោយនេះប្រជាពលរដ្ឋនៅតំបន់ជនបទប្រមាណ៩០% នឹងទទួលបានសេវាទឹកស្អាត និងអនាម័យនៅប្រកបដោយសមធម៌ និរន្តរភាព និងសុវត្ថិភាព ដែលជាចក្ខុវិស័យ និងគោលដៅទី៦ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល ខណៈអត្រាទទួលបានទឹកស្អាតនៅតំបន់ជនបទ បានកើនឡើងជារៀងរាល់ឆ្នាំ។

លោកបណ្ឌិត នួន ដាញ៉ិល មានប្រសាសន៍បែបនេះ ក្នុងឱកាសបើកវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្រោមប្រធានបទ «ជំហានចុងក្រោយ ក្នុងការពន្លឿន សេវាទឹកស្អាត និងអនាម័យ ដល់ក្រុមងាយរងគ្រោះនៅកម្ពុជា» នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីជំនាញមកពីក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងភាគីពាក់ព័ន្ធមកពីអង្គការសង្គមស៊ីវិល និងអាជ្ញាធរ មូលដ្ឋានមកពីបណ្តាខេត្តផងដែរ។

លោកបណ្ឌិត នួន ដាញ៉ិល បានបន្តថា ដើម្បីសម្រេចឲ្យបានចក្ខុវិស័យខាងលើនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវស្វែងរកការគាំទ្រ ចូលរួមសហការពី ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាចែករំលែកបទពិសោធន៍ និងឲ្យមានការវិនិយោគផ្នែកសេវាទឹកស្អាត ការសម្អាត និងអនាម័យ ឲ្យបានទូលំទូលាយប្រកបដោយនិរន្តភាព បរិយាប័ន្ន និងសមភាពជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់បរិស្ថានប្រឈម ដូចជាប្រជាពលរដ្ឋកំពុងរស់នៅលើទឹកផងដែរ ។

លោកបន្តទៀតថា អត្រាទទួលបានសេវាទឹកស្អាត និងអនាម័យ បានបន្តកើនឡើងជារៀងរាល់ឆ្នាំ ហើយកម្ពុជារំពឹងថា នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទត្រូវមានសេវាផ្គង់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព។

លោក តាំង សុចិត្ត្រា អគ្គនាយករងនៃអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា រហូតមកដល់ពេលនេះ តំបន់ដែលមានដង់ស៊ីតេប្រជាជនច្រើន មានប្រភពទឹកគ្រប់គ្រាន់ ត្រូវបានអ្នកវិនិយោគចាប់យកឱកាសវិនិយោគអស់ហើយ។ ចំណែកតំបន់ ផ្សេងទៀតដែលមិនសូវអំណោយផល ដូចជាប្រភពទឹកមានភាពរាយប៉ាយ ហាក់មិនទទួលបានការចាប់អារម្មណ៍ក្នុងការវិនិយោគនោះទេ។

តាមរបាយការណ៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ការផ្គត់ផ្គង់ទឹកជនបទបានកើនឡើងពី ៤៦.៦%នៅឆ្នាំ២០១៣ ដល់៥៨.៧% ក្នុងឆ្នាំ២០១៧ ដោយបានធ្វើឱ្យប្រជាពលរដ្ឋប្រមាណ ១.៥៨លាននាក់ ឬជាង៣០ម៉ឺនគ្រួសារ ទទួលបានទឹកស្អាត។ ចំណែកប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង មានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះរួចហើយ ពោលគឺបានបញ្ឈប់ការបន្ទោបង់ ពាសវាលពាសកាល ខណ:ខេត្តចំនួន ៤ ផ្សេងទៀតកំពុងជំរុញគឺខេត្តព្រៃវែង កណ្ដាល កំពង់ឆ្នាំង និងខេត្តកែប៕