(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានផ្តល់ព័ត៌មានជូនសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅក្នុងកិច្ចប្រជុំចង្អៀត អំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។

ការផ្តល់ព័ត៌មាននេះ តបតាមការអញ្ជើញរបស់ លោកស្រី Mona Juul ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់ខែមករានេះ។

បន្ទាប់ពីបានគូសបញ្ជាក់អំពីភាពស្មុគស្មាញចាក់ស្រេះនៃស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការវិវត្តថ្មីៗនៃបញ្ហាសន្តិសុខនយោបាយ និងមនុស្សធម៌នៅក្នុងប្រទេសនេះរួច លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនក្រុមប្រឹក្សា អំពីកិច្ចខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ជាពិសេសអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងជំហានឆ្ពោះទៅមុខដើម្បីជំរុញវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC)។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់យ៉ាងដូច្នេះ៖ «លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា "ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីយើងខ្ញុំ ទៅកាន់ទីក្រុងណៃពិដោ គឺជាបេសកកម្មដើម្បីទម្លុះទម្លាយភាពជាប់គាំង។ ទស្សនកិច្ចនេះ មានគោលបំណងដើម្បីកសាងទំនុកចិត្ត ការជឿជាក់ និងការយោគយល់គ្នា ហើយទស្សនកិច្ចនេះ ពិតជាអាចដើរតួនាទីជាការបោះជំហានដ៏រឹងមាំមួយឆ្ពោះទៅរកវឌ្ឍនភាពបន្ថែមទៀត។ សម្ដេចតេជោ បានទៅទីនោះដើម្បីដាំដើមឈើ ជាដើមឈើសម្រាប់សន្តិភាព និងការផ្សះផ្សាជាតិ។ វាត្រូវការពេលវេលា ភាពអត់ធ្មត់ និងការអនុវត្តជាក់ស្តែង មុនពេលគេអាចប្រមូលផលពីដើមឈើនោះបាន»

ខណៈពេលជម្រាបជូនអំពីដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានគូសបញ្ជាក់ពីគោលបំណងចម្បងនៃដំណើរទស្សនកិច្ច រួមមាន៖

* (១)៖ ភ្ជាប់ទំនាក់ទំនងជាមួយទីក្រុងណៃពិដោឡើងវិញ ដើម្បីស្វែងរកមធ្យោបាយឆ្ពោះទៅរកការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។ ការបញ្ចប់អំពើហិង្សា និងការបន្តបទឈប់បាញ់ដោយភាគីពាក់ព័ន្ធទាំងអស់ គឺជាការចាំបាច់ដោយខានមិនបានក្នុងការកសាងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន។

* (២)៖ ដើម្បីធានាថា ដំណើរទស្សនកិច្ចជាលើកដំបូងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅកាន់ប្រទេស មីយ៉ាន់ម៉ា អាចប្រព្រឹត្តទៅបាន ដើម្បីជួយសម្រួលដល់ការសម្របសម្រួលនៃកិច្ចសន្ទនាដោយភាគីពាក់ព័ន្ធផ្ទាល់

* និង (៣)៖ ដើម្បីធានាបាននូវការផ្តល់ជំនួយមនុស្សធម៌ ដោយសុវត្ថិភាព និងឆាប់រហ័សទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រេសិតពិសេស ប្រាក់ សុខុន ក៏បានជម្រាបជូនក្រុមប្រឹក្សាសន្តិសុខផងដែរអំពីជំហានបន្ទាប់ ដោយថ្លែងថា ឥឡូវនេះលោកកំពុងធ្វើការលើការរៀបចំកម្មវិធីសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងនាមជាប្រេសិតពិសេសស្ដីពីមីយ៉ាន់ម៉ា និងអាទិភាពរបស់លោក ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលនឹងត្រូវលើកយកទៅពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងរៀបចំពីថ្ងៃទី ១៦-១៧ ខែកុម្ភៈ ជាការត្រៀមសម្រាប់ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពហុភាគីពាក់ព័ន្ធអំពីជំនួយមនុស្សធម៌ ដែលនឹងមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីលេខាធិការដ្ឋានអាស៊ាន (ASEC) និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ហើយនឹងប្រមូលនូវវិធីសាស្រ្ត មនុស្សធម៌ជាក់ស្តែងទាំងអស់ពីអ្នកជំនាញ និងទីភ្នាក់ងារមនុស្សធម៌ក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ឱ្យបានឆាប់រហ័ស។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ចប់ការផ្តល់ព័ត៌មានរបស់លោក ដោយសង្កត់ធ្ងន់ថា «គ្រប់សកម្មភាពរបស់យើង គឺផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងធម្មនុញ្ញ អាស៊ាន។ នៅមានបញ្ហា និងការប្រឈមជាច្រើនផ្សេងទៀតក្រៅពីវិបត្តិនៅមីយ៉ានម៉ាដែល អាស៊ានត្រូវការដោះស្រាយ និងបានបន្ថែមថា លើសពីនេះ យើងត្រូវរែកពន់សុខុមាលភាពតំបន់ទាំងមូល យើងមិនអាចឱ្យវិបត្តិនៅមីយ៉ាន់ម៉ាទាញយើងឱ្យដើរថយក្រោយនោះទេ ហើយយើងត្រូវតែរួមដៃគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះរួមគ្នា»