(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា និងទេសចរណ៍ និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងអបអរសាទរចំពោះសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន៣៣រូប ក្នុងខេត្តកំពង់ស្ពឺ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាណាព្យាបាលសិស្សនិទ្ទេស A នៅទីតាំងអាគារបណ្ណាល័យខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះ លោកក៏បាននាំយកអំណោយលើកទឹកចិត្តជូនសិស្សនិទ្ទេស A មានដូចជាកុំព្យូទ័រយួរដៃ សៀវភៅ និងដបអាកុល។

យុវតី ផាន់ បុប្ផា ដែលអ្នកជាសិស្សនិទ្ទេស A មកពីវិទ្យាល័យចាន់ថ្នាល់ ក្នុងឃុំក្រាំងចេក ស្រុកឧត្តុង តំណាងឲ្យសិស្សនិទ្ទេស A បានឡើងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលលះបង់អស់កម្លាំងកាយចិត្តខិតខំបង្ហាត់បង្រៀនពួកគាត់នាពេលកន្លងមក និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេសលោក ហ៊ុន ម៉ានី ដែលតែងតែជ្រុមជ្រែង និងផ្ដល់ជាសម្ភារៈសម្រាប់ស្វ័យសិក្សាកន្លងមក។

យុវតីរូបនេះ បានថ្លែងបែបនេះថា «សូមអរគុណលោកគ្រូ អ្នកគ្រូ និងឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែទៅផ្ដល់ជាឯកសារផ្សេងៗដែលជាជំនួយស្មារតីសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមក»

លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានឡើងរាយការណ៍នូវរបាយការណ៍កិច្ចការងាររៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ នាពេលកន្លងមក។ នៅក្នុងឱកាសនេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះវិស័យអប់រំ ក្នុងគ្រាលំបាក នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ និងបានផ្ដល់ជាវ៉ាក់សាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យការរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ អាចប្រព្រឹត្តទៅបាននាពេលកន្លងមក។

លោក ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផលល្អនៅក្នុងថ្ងៃនេះ។ លោកបានលើកឡើងបែបនេះថា «ភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នា គឺបានមកពីការខិតខំប្រឹងប្រែង ហ៊ានលះបង់ ដោយមិនខ្លាចនឿយហត់ ចូលចងចាំថាភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នា នៅក្នុងថ្ងៃនេះ គឺជាសក្តានុពលរបស់ប្រទេសក្នុងការអភិវឌ្ឍប្រទេសជាតិ»

ឆ្លៀតក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានចូលរួមបង្ហាត់បង្រៀន និងបង្កើតនូវមធ្យោបាយសិក្សាតាមប្រព័ន្ធអនឡាញ ដែលជាជំនួយដល់ការសិក្សារបស់សិស្សពីចម្ងាយ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាកនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

ជាចុងក្រោយ លោក ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ផ្ដែផ្ដាំឲ្យសិស្សានុសិស្សជាបន្តទៀត ដើម្បីឆ្ពោះទៅដល់គោលដៅនៅពេលអនាគតដែលបានកំណត់របស់ខ្លួនម្នាក់ៗ ក៏ដូចជាសសរទ្រូងសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕