(ភ្នំពេញ)៖ ក្មេងស្ទាវមួយក្រុមមានគ្នា ចំនួន១០នាក់ ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំបិត ដាវបានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចការ៉ាស់សាំងតេលា ផ្លូវវេងស្រេង កែងផ្លូវ៣៧១ (ផ្លូវសឡា) កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កំណត់បានមុខសញ្ញាជាបណ្តើរៗ និងឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យដែលកម្លាំងអាវុធហត្ថចាប់ខ្លួនបានម្នាក់នោះ ឈ្មោះ អ៊ិន ឆាយហួត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចផ្ទះលេខ93 ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ក្រោមវិធានការជំនាញ ជនសង្ស័យ អ៊ិន ឆាយហួត បានសារភាពឲ្យដឹងថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្តដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕