(ភ្នំពេញ)៖ ការទុកដាក់សំរាមនៅតែជាបញ្ហា ខណៈអាជ្ញាធរខណ្ឌចំការមន ណែនាំដល់ពលរដ្ឋបញ្ចេញសម្រាមឱ្យត្រូវតាមម៉ោងពេលកំណត់។ នេះជាការបញ្ជាក់របស់លោក ថេង សុថុល អភិបាលខណ្ឌ និងប្រធានអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌចំការមន ក្នុងពិធីចែកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ ប្រជាពលរដ្ខដែលមានជីវភាពខ្វះខាត និងជនចាស់ជរា សង្កាត់ទួលទំពូងទី២ ចំនួន៥០គ្រួសារ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២។

លោកអភិបាលខណ្ឌ បានលើកឡើងពីបញ្ហាទុកដាក់សំរាម ដែលបងប្អូនប្រជាពលរដ្ឋមួយចំនួននៅមិនទានមានការយល់ដឹងពីការបញ្ចេញសំរាមឱ្យបានត្រឹមត្រូវតាមពេលវេលា ខណៈក្រុមហ៊ុនប្រមូលសំរាមបច្ចុប្បន្ន ដែលមាន៣ក្រុមហ៊ុន កំពុងអនុវត្តន៍ការងារប្រមូលសម្រាមក្នុងរាជធានីភ្នំពេញ បានល្អប្រសើរហើយនោះ។ ជាមួយនេះ លោកអភិបាលខណ្ឌ ក៏បានជំរុញដល់អាជ្ញាធរសង្កាត់ បន្តអប់រំ និងណែរនាំដល់បងប្អូនប្រជាពលរដ្ឋ ឱ្យពួកគាត់បានយល់ដឹងពីការបញ្ចេញសម្រាមនេះ។

លោកប្រធានគណៈកម្មាធិការអនុសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័ដោយបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ជាមួយនឹងការផ្សព្វផ្សាយឱ្យការពារពីជំងឺឆ្លងកូវីដ១៩ លោក ថេង សុថុល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ដែលអាចកើតឡើង បណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ក៏ដូចជាបញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណា ពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ជាពិសេស នៅថ្ងៃសែនបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ខាងមុខនេះ។

លោក ស៊ុន សិទ្ឋី នាយករដ្ឋបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលចែកជូននាពេលនេះរួមមាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ម៉ាស និងថវិកាមួយចំនួន៕