(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំគណប្រតិភូចុះជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សាវិទ្យាល័យនៅក្នុងស្រុកកោះធំ ដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នៅសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

ពិធីនេះក៏មានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ប្រធាន-អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក ប្រធាន-អនុប្រធានក្រុមការងារយុវជនស្រុក លោកមេឃុំទាំង១១ សិស្សានុសិស្ស នាយក-នាយករងនៃវិទ្យាល័យចំនួនបួន ប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យអប់រំស្រុកសរុបទាំងអស់ប្រមាណ៤៩៣នាក់ ក្នុងសិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A មានចំនួន២៦នាក់។

ថ្លែងនាឱកាសនោះលោកទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្សដែលបានរួមគ្នាសម្រេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់នេះ ដែលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្ស សេចក្តីប៉ងប្រាថ្នាជាក់លាក់លើការសិក្សា រួមជាមួយការលើកទឹកចិត្តផ្សេងៗទៀត ដែលនាំដល់ការទទួលបាននូវលទ្ធផលវិជ្ជមានសម្រាប់សិស្សានុសិស្សទាំងអស់នេះ។

លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជ្រើសរើសមុខជំនាញនៅតាមសាកលវិទ្យាល័យដែលខ្លួនចង់រៀនទៅតាមអ្វីដែលខ្លួនចង់រៀន និងចំណង់ចំណូលចិត្ត ជាពិសេសពិនិត្យមើលទីផ្សារការងារឱ្យបានសមស្រប។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ចង្អុលបង្ហាញផងដែរអំពីវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលជាគ្រឹះស្ថានសិក្សាតែមួយគត់នៅកម្ពុជា ដែលផ្តល់ការបណ្ដុះបណ្ដាលជំនាញសាងសង់ផ្លូវ ស្ពាន ដឹកជញ្ជូន និងភស្តុភារកម្ម និងជំនាញជាច្រើនទៀតឱ្យកូនខ្មែរជំនាន់ក្រោយចេះកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយខ្លួនឯងប្រកបដោយគុណភាពមិនពឹងលើបរទេស និងបានជំរុញឱ្យសិស្សានុសិស្សដាក់ពាក្យប្រឡងចូលវិទ្យាស្ថាននេះឱ្យបានច្រើន ដើម្បីចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

លោកចង់ឃើញសិស្សានុសិស្សទាំងអស់ថ្ងៃក្រោយក្លាយជាអ្នកបន្តវេនក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យមានគុណភាព ស្របតាមពាក្យស្លោករបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ ខ្មែរធ្វើបាន។ ម្យ៉ាងវិញទៀតលោកថា ជីដូនជីតារបស់យើងអាចកសាងប្រាង្គប្រាសាទមានអាយុកាលរាប់រយឆ្នាំល្បីល្បាញទូទាំងពិភពលោក ដូចជា៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក និងស្ពានថ្មដែលមានអាយុរាប់រយឆ្នាំជាដើមហេតុដូច្នេះកូនខ្មែត្រូវតែធ្វើបាន។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគម្រោងសាងសង់អាគារវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន កម្ពស់ប្រាំបួនជាន់ ដែលអាចទទួលនិស្សិតឱ្យចូលសិក្សានៅវិទ្យាស្ថាននេះ បានចំនួនពីបីទៅបួនពាន់នាក់ និងប្រែក្លាយអាគារវិទ្យាស្ថានបច្ចុប្បន្នដែលមានកម្ពស់បួនជាន់ទៅជាកន្លែងស្នាក់នៅសម្រាប់និស្សិតដែលគ្មានផ្ទះសំបែងរស់នៅក្នុងរាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូន ពីសមិទ្ធផលសម្រេចបាន និងគម្រោងកំពុងបន្តដូចជា៖ កីឡដ្ឋានហែលទឹកស្រុកកោះធំ គម្រោងសាងសង់មន្ទីរពេទ្យតេជោ សែន ស្រុកកោះធំ ស្ពានឆ្លងទន្លេបាសាក់ស្រុកកោះធំ ផ្លូវ ស្ពាន និងសមិទ្ធផលជាច្រើនទៀត និងបានអំពាវនាវឱ្យសិស្សានុសិស្សជួយផ្សព្វផ្សាយសមិទ្ធផលទាំងនេះទៅកាន់មិត្តភក្កិ សាច់ញាតិ ក៏ដូចជាសាធារណជនឱ្យបានយល់ជ្រួតជ្រួបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា តាមគ្រោងមន្ទីរពេទ្យតេជោសែន ស្រុកកោះធំ គ្រោងនឹងបញ្ចប់ការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅដើមឆ្នាំក្រោយ ដោយមន្ទីរពេទ្យនឹងសហការផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលជាមួយមន្ទីរពេទ្យកាល់ម៉ែត ដើម្បីផ្តល់សេវាថែទាំសុខភាពជូនអ្នកស្រុកកោះធំ និងតំបន់ជិតខាងដទៃទៀតផងដែរ។

សូមបញ្ជាក់ថា នាឱកាសទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានប្រគល់ថវិកាជូនវិទ្យាល័យចំនួនបួននៅស្រុកកោះធំ រួមមាន៖ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ព្រែកតាដួង វិទ្យាល័យហ៊ុនសែនកំពង់កុង វិទ្យាល័យហ៊ុនសែនកោះធំ និងវិទ្យាល័យហ៊ុនសែនសំពៅពូន ដោយមួយវិទ្យាល័យទទួលបាន១ ៥០០ ០០០រៀល និងបានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប)ទាំងអស់ចំនួន៤៦៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល។ ដោយឡែកសិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន២៦នាក់ ក្នុងម្នាក់ៗទទួលបានម៉ូតូម្នាក់មួយគ្រឿង និងថវិកា១០ម៉ឺនផងដែរ៕