(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្មវិធីកាត់ពិន្ទុលើបណ្ណបើកបររបស់អ្នកបើកបរខុសច្បាប់ បានធ្វើរួចរាល់ ហើយត្រូវបានដាក់ឱ្យដំណើរការសាកល្បងផងដែរ។ កម្មវិធីនេះ ក៏គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងពិធីសំណេះសំណាល និងប្រគល់មួកសុវត្ថិភាពជាងមួយពាន់មួក ជូនមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលធ្វើដំណើរដោយម៉ូតូ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គស្នងការនគបាល បានធ្វើ App មួយទាក់ទិនទៅនឹងការដកពិន្ទុទៅលើ អ្នកប្រើប្រាស់ផ្លូវ ដែលល្មើសនឹងច្បាប់ចរាចរណ៍។ Appនេះ បានធ្វើចប់សព្វគ្រប់ ហើយនឹងចាប់ផ្តើមអនុវត្តន៍ក្នុងពេលឆាប់ៗខាងមុខនេះឯង។ ប៉ុន្តែយើងសាកល្បងហើយដំណើរការល្អ យើងទិញម៉ាស៊ីន ដើម្បីស្កែន ៥០គ្រឿងសិន ដើម្បីសាកល្បង បន្តិចយើងទិញ២៥០គ្រឿងទៀត ដើម្បីផ្តល់ជូនដល់អគ្គស្នងការនគរបាល»

លោកទេសរដ្ឋមន្ត្រី បានពន្យល់នូវកម្មវិធីកាត់ពិន្ទុះលើបណ្ណបើកបរនេះថា នៅពេលមានអ្នកល្មើសច្បាប់ចរាចរណ៍ មន្ត្រីនគរបាលចរាចរណ៍ នឹងចាប់ ហើយនឹងពិនិត្យលើបណ្ណបើកបរ ហើយគ្រាន់តែដាក់ម៉ាស៊ីនស្កែនភ្លាម នឹងចេញព័ត៌មានទាំងអស់ ទាក់ទងបណ្ណបើកបរ។ បើមន្ត្រីនគរបាលឃើញមានកំហុសណាខ្លះ គ្រាន់តែចុចនៅលើម៉ាស៊ីន វានឹងបូកដកពិន្ទុដោយស្វ័យប្រវត្តិតែម្តង។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងចេញតម្លៃនៃការផាកពិន័យថែមទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា «នៅពេលដែលប័ណ្ណបើកបរអ្នកល្មើសច្បាប់អស់ពិន្ទុទាំង១២ហើយ ម៉ាស៊ីននឹងលោតពណ៌ក្រហម បញ្ជាក់ថា អស់ពិន្ទុហើយ ដែលទាមទារឱ្យអ្នកកាន់ប័ណ្ណបើកបរនោះ ត្រូវតែប្រឡងយកប័ណ្ណបើកបរឡើងវិញផងដែរ»

សូមបញ្ជាក់ថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ធ្វើការដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានលក្ខណៈពិសេសដូចជា ស្គាល់ទម្រង់បណ្ណរួមមាន បណ្ណបើកបរ លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់យានយន្ត និងអាចដឹងថាបណ្ណបើកបរត្រឹមត្រូវ ឬក្លែងក្លាយ ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ និងពិន័យលឿនរហ័ស ដឹងទីតាំងភូមិសាស្ត្រ និងប្រវត្តិនៃការដកពិន្ទុ និងពិន័យ និងអាចកត់ត្រារាល់ទិន្នន័យនានា។

ការបង្កើតឡើងនូវកម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរសម្រាប់អ្នកបើកបរខុសច្បាប់នេះ ជាកិច្ចប្រឹងប្រែងមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីជំរុញឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ ហើយឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍៕