(ភ្នំពេញ)៖ លោក មួន សារ៉ន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខអំពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជំនួយឧបត្ថម្ភជាថវិកាចំនួន២០លានរៀល មី២០កេះ ត្រីខ ៥កេះធំ ទឹកស៊ីអ៊ីវ១០យួរ ទឹកត្រី១០យួរ ដល់ឧត្តមសេនីយ៍ទោ ងិន សំអាន អនុប្រធានស្ថាប័នតុលាការយោធា ក្រសួងការពារជាតិ ដែលកំពុងសំរាកព្យាបាលជំងឺ នៅគេហដ្ឋាន ស្ថិតនៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រយៈពេល៦ខែមកហើយ។

លោក មួន សារ៉ន បានពាំនាំនូវក្តីនឹករលឹក និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ឧត្តមសេនីយ៍ទោ ងិន សំអាន និងក្រុមគ្រួសារ ក៏ដូចជាអតីតយុទ្ធជនទាំងអស់ផងដែរ
និងបានថ្លែងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងដាស់តឿនរូបលោក ឱ្យពិនិត្យជាប់ប្រចាំលើជីវភាព ការរស់នៅរបស់អតីតយុទ្ធជន និងបានគូសបញ្ជាក់ថា «សម្តេចទាំងទ្វេលោកនឹករលឹក និងគិតគូរចំពោះសុខទុក្ខបងប្អូនអតីតយុទ្ធជនរបស់យើងជាប់ជានិច្ច»។

ក្រុមគ្រួសារ ឧត្តមសេនីយ៍ទោ ងិន សំអាន សូមគោរព ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ ផ្តាំផ្ញើសួរទុក្ខ និងផ្តល់ជំនួយជាថវិកា និងសំភារៈ តាមរយៈលោក មួន សារ៉ន និង ឧកញ៉ា លី ឃុនថៃ ព្រមទាំងគោរពជូនពរសម្តេចទាំងទ្វេរ បុត្រា បុត្រី ព្រមទាំងចៅៗ ជាទីស្រលាញ់ ជួបប្រទះ ពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕