(កណ្តាល)៖ គម្រោងស្ដារ ជួសជុលសាងសង់អគារព្យាបាលជំងឺទូទៅនៅក្នុងមណ្ឌលសុខភាពពោធិ៍រាម្មា ស្ថិតនៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ដែលបានចំណាយថវិកាសរុបប្រមាណ ១៦៥,០០០ដុល្លារសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះហើយ។ ថវិកាសាងសង់នេះ បានមកពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ១២៥,០០០ដុល្លារអាមេរិក និងថវិកាសប្បុរសជនក្រៅប្រទេស ៤០០,០០០ដុល្លាអាមេរិក។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលជំងឺខាងលើនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ និងមានការចួលរួមពី លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ រួមទាំងសប្បុរសជនក្រៅប្រទេសជាច្រើនរូបទៀត។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជនក្រៅប្រទេស ដែលបានចូលរួមវិភាគទានជាមួយក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាដើម្បីស្ដារ ជួសជុល សាងសង់មណ្ឌលសុខភាពពោធិ៍រាម្មាឡើងវិញ។ ជាពិសេសលោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតនិងក្រុមគ្រូពេទ្យ ក្រុមការងារគណបក្ស ប្រជាជនកម្ពុជា និងមន្ត្រីបុគ្គលិករបស់មន្ទីរពេទ្យព្រែកស្ដី ដែលបានរួមចំណែកទាំងអស់គ្នាក្នុងការធ្វើឱ្យមណ្ឌលសុខភាពនេះលេចចេញជារូបរាងឡើងនៅពេលនេះ។

លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការគិតគូរអំពីសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋតាមការណែនាំ និងផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតែងតែណែនាំឱ្យក្រុមការងារជួយមើលថែទាំសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ចុះឱ្យកៀកប្រជាពលរដ្ឋ ផ្ដល់សេវាសាធារណ:សេវាចាំបាច់ជូនប្រជាពលរដ្ឋ ធ្វើឱ្យបានលឿន តម្លាភាពធ្វើឱ្យមានប្រសិទ្ធភាព និងបានលើកឡើងពីគម្រោងបន្តស្តារ និងជួសជុលមណ្ឌល សុខភាព នៅស្រុកកោះធំបន្ថែមទៀត ជាពិសេសមណ្ឌល សុខភាព ដែលនៅឆ្ងាយៗ ដើម្បីឱ្យប្រជាពលរដ្ឋអាចស្វែងរក និងទទួលបានកន្លែងព្យាបាលនិងថែទាំអ្នកជំងឺ ប្រកបដោយជម្រើសសម្បូរបែប។

លោកទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីសារសំខាន់នៃកត្តាសុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសកសាង ប្រទេសជាតិ មាតុភូមិដល់សព្វថ្ងៃនេះ មានឱកាសជួបជុំគ្នាដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមណ្ឌលសុខភាពពោធិ៍រាម្មា កសាងផ្លូវជាតិលេខ២១ ស្ពានឆ្លងទន្លេបាសាក់ នៅស្រុកកោះធំ និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីការខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកោះធំ ក្នុងការប្រមែប្រមូលថវិកា ដើម្បីធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យតេជោសែនកោះធំ ដែលជាមន្ទីរពេទ្យពេទ្យដ៏ធំមួយនៅស្រុកកោះធំ មានគ្រែចំនួន១៥០ ទំនើបជាងមន្ទីរពេទ្យមួយចំនួននៅតាមបណ្ដាខេត្តមួយចំនួនផងដែរ។

បន្ថែមពីលើនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ពីការកើនឡើងនៃជីវិតសង្ឃឹមរស់ (Life Expectancy) រយៈពេល ១៤ឆ្នាំបន្ថែមទៀត របស់ប្រជាជនកម្ពុជា ប្រៀបធៀបទៅនឹងរយៈពេល ២០ឆ្នាំកន្លងទៅ ដោយសារកម្ពុជាមានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបោយ និងផ្លូវធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យដើម្បីស្វែងរកសេវាថែទាំនិងព្យាបាលសុខភាព រួមជាមួយនឹង បរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាតជាដើម៕