(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងអំពីសមិទ្ធផលរយៈពេលជិត៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជាចាប់ពីឆ្នាំ១៩៩២ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការចូលរួមចំណែកគាំទ្រពីដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធដទៃទៀត ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២១ កម្ពុជា បានបោសសម្អាតផ្ទៃដីចំនួន ២,៣២៨គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១,១១៨,៨១០គ្រាប់ មីនប្រឆាំងរថក្រោះ ២៥,៩៥២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ២,៩៨៣,៤១៦គ្រាប់ ដោយមានអ្នកទទួលផល ៧,៧៣២,៥៣៦នាក់។
លោកថា ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមដ៏ធំធេងលើផ្ទៃដី ២,០១៧គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៧៨៨គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន។
ការលើកឡើងបែបនេះ របស់ទេសរដ្ឋមន្រ្តី លី ធុជ បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអនុញ្ញាតឱ្យលោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្ត (Implementation Support Unit_ISU) នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា_APMBC) និងលោក Gregory Cathcart មន្រ្តីជាន់ខ្ពស់ ISU ដែលមានទីស្នាក់នៅប្រទេសស្វីស ចូលជួបពិភាក្សាការងារស្តីពីការពង្រឹងភាពដៃគូរ និងកិច្ចសហប្រតិបត្តិការលើការងារបោសសម្អាតមីននៅកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
លោក Juan Carlos Ruan បានបម្រើការងារជានាយក ISU តាំងពីឆ្នាំ២០១៦ និងបានជួយគាំទ្រដល់ការអនុវត្តខ្លឹមសារអនុសញ្ញាអូតាវ៉ាទៅគ្រប់សមាជិករដ្ឋភាគីទាំងអស់។
គណៈប្រតិភូ ISU-APMBC បំពេញបេសកកម្មនៅកម្ពុជា រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៦-១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងតាមដានការអនុវត្តការងារបោសសម្អាតមីនរបស់កម្ពុជា ឱ្យស្របទៅនឹងផែនការដែលបានអនុម័តឱ្យកម្ពុជាពន្យាពេលលើកទី២ នៅទីក្រុងអូស្លូ ប្រទេសន័រវេស្ស និងជួយគាំទ្រកម្ពុជាក្នុងការរៀបចំផែនការបោសសម្អាតមីន ឱ្យសម្រេចទៅតាមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា។ គណៈប្រតិភូ ISU-APMBC គ្រោងនឹងជួយពិភាក្សាជាមួយថ្នាក់ដឹកនាំអាជ្ញាធរមីន, គណៈកម្មការ JBC កម្ពុជា-ថៃ, មន្រ្តី UNDP នៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល, CMAC, NPA, Halo Trust, MAG, មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) និងភាគីពាក់ព័ន្ធដទៃទៀត។
ទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ក្នុងនាមជារដ្ឋភាគីនៃអនុញ្ញាអូតាវ៉ា កម្ពុជា ធ្លាប់បានស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី១ រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ដើម្បីធ្វើការបោសសម្អាតផ្ទៃដីដែលដឹងថាមានគ្រាប់មីនទាំងអស់ឲ្យរួចរាល់ត្រឹមឆ្នាំ២០១៩ ហើយក្នុងរយៈពេល១០ឆ្នាំនោះ ផ្ទៃដីប្រមាណជាង ៥៧៧ម៉ែត្រក្រឡា សរុបចំនួន ៨,២៩០ចម្ការមីន បានបោសសម្អាតរួច មីនប្រឆាំងមនុស្ស ១០១,៤២៤គ្រាប់ មីនប្រឆាំងរថក្រោះ ១,៥៦០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៧៣,២៣១គ្រាប់ ប៉ុន្តែផ្អែកតាមការវាយតម្លៃលទ្ធភាព កម្ពុជានៅតែមិនអាចសម្រេចបានតាមគោលដៅឆ្នាំ២០១៩។
លោកបន្តថា បន្ទាប់ពីការពិនិត្យឡើងវិញ និងស្របតាមស្មារតីនៃ «សេចក្តីថ្លែងការណ៍ម៉ាពុយតូ+១៥» កាលពីឆ្នាំ២០១៤ កម្ពុជាបានស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី២ រយៈពេល០៦ឆ្នាំបន្ថែមទៀត ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ សំដៅធ្វើការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់គណៈប្រតិភូអំពីបញ្ហាមីននៅកម្ពុជា ថា «ប្រទេសកម្ពុជា ប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាលទ្ធផលនៃសង្រ្គាមរ៉ាំរ៉ៃអូសបន្លាយនៅក្នុងប្រទេស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ រហូតមកដល់ចុងឆ្នាំ១៩៩៨។ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុងឆ្នាំ១៩៩៨ កម្ពុជា ទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគម្រាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច»។
លោកបន្តទៀតថា ឆ្នាំ២០២២នេះ កម្ពុជាមានបំណងរៀបចំពិធីអបអរសាទររំលឹកខួបទី៣០ឆ្នាំ នៃការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា (១៩៩២-២០២២) ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យអង្គភាព ISU-APMBC ជួយគាំទ្រដល់ការងារបច្ចេកទេសសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ ព្រមទាំងបានស្នើសុំ អង្គភាព ISU-APMBC ជួយកៀរគរធនធានបន្ថែមពីសហគមន៍ផ្តល់ជំនួយ គាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជាឱ្យអស់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៥។
លោក Juan Carlos Ruan បានអបអរសាទរ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុក ចាត់ចែង និងរៀបចំឱ្យមានរចនាសម្ព័ន្ធយ៉ាងច្បាស់លាស់សម្រាប់ការងារសម្របសម្រួល និងគ្រប់គ្រងវិស័យសកម្មភាពមីនកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានលើការងារបោសសម្អាតមីននាពេលកន្លងមក ទោះបីមានរីករាលជាសកលនៃជំងឺកូវីដ១៩ ក៏ដោយ។
ក្នុងឱកាសនោះ លោក Juan Carlos Ruan មានបំណងស្នើសុំឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទសកល ស្តីពីការជួយសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិរបស់ជនមានពិការភាព (Global Conference on Assistance of Anti-Personnel Mines and Other Explosive Remnants of War, and Disability Rights) គ្រោងនឹងរៀបចំឡើងនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ដោយមានការឧបត្ថម្ភគាំទ្រពីសហគមន៍អឺរ៉ុប និងមានប្រទេសប្រមាណ២០០ ចូលរួម។
ជាការឆ្លើយតប ទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យលោក Juan Carlos Ruan រៀបចំលិខិតផ្លូវការមករាជរដ្ឋាភិបាលកម្ពុជា ហើយលោកនឹងស្នើសុំអនុសាសន៍ណែនាំពីសម្តេចតេជោនាយករដ្ឋមន្រ្តី លើសំណើរៀបចំសន្និសីទសកលនេះ។
អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (Implementation Support Unit_ISU) ត្រូវបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ២០០១ ហើយវិសាលភាពរបស់ ISU ត្រូវបានកំណត់ដោយ «សេចក្តីណែនាំរបស់រដ្ឋភាគីចំពោះអង្គភាពគាំទ្រការអនុវត្តអនុសញ្ញា» ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទីដប់ (10MSP) ឆ្នាំ២០១០។
អង្គភាព ISU-APMBC មានអាណត្តិក្នុងការផ្តល់ប្រឹក្សាយោបល់ ផ្តល់ជំនួយបច្ចេកទេសលើការអនុវត្តអនុសញ្ញាដល់គ្រប់រដ្ឋភាគី គាំទ្រការរៀបចំនិងតាមដានកិច្ចប្រជុំរដ្ឋភាគី សន្និសិទពិនិត្យឡើងវិញ កិច្ចប្រជុំអន្តរកម្ម និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត៕