(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៩ខែមេសា ឆ្នាំ២០១៦ នេះ កម្លាំងនគរបាលខេត្តព្រះសីហនុ បានយក គ្រឿងចក្រមួយគ្រឿង ចុះទៅជីកកកាយស្តារនិងពង្រីកស្រះទឹកមួយកន្លែង នៅភូមិកំពុងស្មាច់តូចឃុំទឹកល្អក់ ស្រុកព្រៃនប តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ក្រោយពេលពួកគេ បានដាច់ទឹកប្រើប្រាស់ ហើយស្រះទឹកនេះ គឺជាកន្លែងស្តុកទឹករបស់ពួកគាត់ សម្រាប់ពេលវែងឆ្ងាយទៅមុខទៀត។

លោកវរសេនីយ៏ឯកសាន់ ប៊ុនថន ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា ស្រះនេះពេលរវាស់ជាក់ស្តែងមានទំហំ១៥ម×៣៥ម ជំរៅជាង៤ម៉ែត្រ។​ នៅព្រឹកនេះលោកស្នងការ បានផ្តល់ថវិកាចំនួន១.០០០.០០០រៀលថែមទៀត ជូនលោកមេឃុំដើម្បីចាត់ចែងធ្វើរបងការពារ កុំឲ្យសត្វពាហនៈចូល។​ សូមបញ្ជាក់ថាស្រះនេះពីមុនមានទំហំត្រឹមតែ ៥ម×៣៥ម ជម្រៅ២ម៉ែត្រប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រោយពីមានព័ត៌មាននៃការដាច់ ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ នៅតាមតំបន់មួយចំនួន ជាពិសេសស្រុកព្រនប់នោះ កម្លាំងនគរបាលខេត្តព្រះសីហនុ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបើកយុទ្ធនាការភ្លាមៗ ដើម្បីដឹកជញ្ជូនទឹកយកទៅចែកជូនប្រជាពលរដ្ឋ រាប់រយគ្រួសារនៅតំបន់ទាំងនោះ មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសារដាច់ទឹកនោះទេ។

សម្រាប់យុទ្ធនាការចែកទឹកជូនពលរដ្ឋរបស់ខ្លួន នៅទឹកដីខេត្តជាប់សមុទ្រមួយនេះ ក៏មានការចូលរួមយ៉ាងសកម្ម និងជាបន្តបន្ទាប់ពីសប្បុរជនជាច្រើន ហើយលោកឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបង្ហាញបញ្ជីរាយនាមដូចខាងក្រោម: លោកឧកញ៉ា លី គួង ២០០០ដុល្លារ លោកឧកញ៉ា អ៑ូ ឆាយ ១០០០ដុល្លារ លោក លីម សុីដា អាជីវករផ្សារអូរឬស្សី១០០០ដុល្លារ លោក សេង ហូលាង សង្កាត់កោះរុង៥០០ដុល្លារ លោក រតនះ សម្បត្តិ២លានរៀល លោក សាមឌី ២លានរៀល លោក លឹម ម៉េងផុកទឹកសុទ្ធ៥០០យួរ ក្មូយៗនៅកំពង់សោមទឹកសុទ្ធ៥០០យួរនិងសមាគមន៍ទេសចរណ៏ ខេត្តព្រះសីហនុ ២០០ដុល្លារ និងបងប្អូនមួយចំនួនទៀតបានចូលរួមផ្សេងៗ៕