(កំពង់ចាម)៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម រួមជាមួយនឹងលោក លន់ លឹមថៃ អភិបាលខេត្ត និងសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំជាច្រើនរូប នៅព្រឹកថ្ងៃទី២៩ មេសានេះ បានចុះចែកចាយទឹកស្អាត ជូនប្រជាពលរដ្ឋជិត ៣០០គ្រួសារនៅភូមិកំប៉ាល់ ឃុំសណ្តែក ស្រុកបាធាយ សម្រាប់ប្រើប្រាស់។

ការដឹកជញ្ជូនទឹកនេះ ធ្វើឡើងតាមរយៈការប្រើប្រាស់ រថយន្តដឹកទឹករបស់ស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាន នគរបាលស្រុក បានចំនួន២គ្រឿងស្មើនឹង១ម៉ឺនម៉ែត្រគូប ហើយនឹងត្រូវដឹកបន្តបន្ទាប់ទៀត ដើម្បីជួយសម្រាលការលំបាក របស់ប្រជាពលរដ្ឋ ហើយលើសពីនេះក្រុមការងារ បានប្រើប្រាស់កម្លាំងយុវជនស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាស្រុក យុវជនសហភាពសហព័ន្ធ យុវជនកម្ពុជាស្រុក និងខេត្ត រួមជាមួយកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីរាជការសម្រាប់លើក និងសែងទឹកជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ដោយសារអាជ្ញាខេត្តបានត្រៀមវិធានការជាមុន ស្ថានភាពទឹកក្នុងខេត្តកំពង់ចាមទាំងមូល មិនទាន់ប្រឈមនឹងកង្វះទឹកធ្ងន់ធ្ងរនៅឡើយទេ គិតមកដល់ពេលនេះ ពោលគឺអាជ្ញាខេត្តអាចដោះស្រាយបានដោយម្ចាស់ការ។ ដោយឡែកនៅរសៀល ថ្ងៃទី២៨ និងយប់ថ្ងៃទី២៩នេះ ក្រុងស្រុកចំនួន៧ ក្នុងចំណោម១០ ទទួលបាននូវទឹកភ្លៀងជាលក្ខណៈមធ្យមដោយកន្លែង ដែលនេះគឺជាអំណោយ ផលធម្មជាតិមួយកាន់តែជួយសម្រួលស្ថានភាពទឹក របស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។

នៅចំពោះមុខនេះ ដោយបានទទួលអនុសាសន៍ណែនាំពី សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម និងលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី លោកអភិបាលខេត្តបានចាត់ឲ្យ មានការដឹកទឹកជូនប្រជាពលរដ្ឋ ការស្តារស្រះ ដឹកទឹកដាក់បញ្ចូលស្រះ សម្រាប់ប្រើប្រាស់រួម ការជីក និងជួសជុលអណ្តូងជាង១០០អណ្តូងបន្ថែមទៀត នៅតាមស្រុកមួយចំនួនដូចជាស្រុកបាធាយ កងមាស ព្រៃឈរ និងជើងព្រៃ។

លោកអភិបាលខេត្តបន្តថា បច្ចុប្បន្នយើងបានត្រៀមរួចរាល់ហើយនូវឧបករណ៍ កម្លាំង និងធនធានបច្ចេកទេស ដើម្បីទុកឆ្លើយតបទៅនឹងស្ថានភាពធម្មជាតិ ដែលអាចនៅតែបន្តកើតមាននាពេលខាងមុខ៕