(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញឲ្យបំពាក់កាមេរ៉ាតាមដងផ្លូវ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ការជំរុញរបស់សម្តេចក្រឡាហោម បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានណែនាំឲ្យបន្តការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ដោយផ្សារភ្ជាប់នឹងវិធានការបច្ចេកទេស ដូចជាការបំពាក់កាំមេរ៉ាត្រួតពិនិត្យល្បឿន ឬល្មើសសញ្ញាចរាចរណ៍ ត្រៀមកម្លាំងល្បាតអនុវត្តច្បាប់តាមផ្លូវល្បឿនលឿន ការដកពិន្ទុលើបណ្ណបើកបរ ពង្រឹងការអនុវត្តម៉ឺងម៉ាត់លើអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងត្រូវពង្រឹងការបណ្ដុះបណ្ដាលធនធានមន្ត្រីទាំងចំណេះដឹងអំពីច្បាប់ ជំនាញ បច្ចេកទេស ប្រតិបត្តិការ និងសីលធម៌។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវជំរុញការបំពាក់បរិក្ខាសុវត្ថិភាពលើផ្លូវថ្នល់រួមមាន ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍នៅតាមផ្លូវថ្នល់ ដែលរដ្ឋបាលរាជធានី ខេត្តទទួលខុសត្រូវ។ ដោយឡែក នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវបន្តសហការបំពាក់កាមេរ៉ាតាមដងផ្លូវ តាមគម្រោងរបស់រាជរដ្ឋាភិបាល និងត្រូវចាត់តាំងគ្រប់គ្រង ប្រើប្រាស់ និងថែទាំឲ្យស្របតាមនិយាមបច្ចេកទេស»

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម នៅតែបន្តសម្ដែងក្ដីព្រួយបារម្ភអំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែបន្តកើតមានក្នុងចំនួនច្រើន និងបណ្ដាលឱ្យមានការបាត់បង់ជីវិត មានពិការភាព និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទ្រព្យសម្បតិ្តសាធារណៈជារៀងរាល់ថ្ងៃ ពិសេសការចាប់ផ្ដើមហក់ឡើវិញនៃអត្រាគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីមានការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គម។ សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានស្មារតីប្រុងប្រយ័ត្នគ្រប់ពេលវេលាជានិច្ច។

យោងតាមរបាយការណ៍ស្ដីពីស្ថានភាពចរាចរណ៍ផ្លូវគោក នៅឆ្នាំ២០២១កន្លងទៅគ្រោះថ្នាក់ចរាចរណ៍បានថយចុះធៀបនឹងឆ្នាំ២០២០ ទាំងចំនួនករណីគ្រោះថ្នាក់ ករណីស្លាប់ និងរបួស ហើយសមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបជាង ២លានគ្រឿង ក្នុងនោះម៉ូតូជាង៦០ភាគរយ, រកឃើញយានយន្តល្មើសនិងពិន័យជាង ២២៣ពាន់គ្រឿង ក្នុងនោះម៉ូតូជាង៧០ភាគរយ និងពិន័យបានថវិកាសរុបជាង ១៩ប៊ីលានរៀល។ ចំណែកគ្រោះថ្នាក់ចរាចរណ៍វិញ នៅឆ្នាំ២០២១ មានចំនួន២៦៧០ករណី ស្លាប់១៤៩៧នាក់ របួស៣៦១៥ ក្នុងនោះរបួសធ្ងន់មាន២២៤៦នាក់។

របាយការណ៍ឱ្យដឹងទៀតថា អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១ ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។ មូលហេតុ បណ្ដាលឱ្យមានគ្រោះថ្នាក់សរុប រួមមានបើកបរលើសល្បឿនកំណត់៣៨ភាគរយ មិនគោរពសិទ្ធិ២៤ភាគរយ មិនប្រកាន់ស្ដាំ១៤ភាគរយ វ៉ាជែង៨ភាគរយ បត់៨ភាគរយ ស្រវឹង៤ភាគរយ យានយន្ត៣ភាគរយ និងងងុយ១ភាគរយ។ អត្រាគ្រោះថ្នាក់សរុបនេះ បើធៀបនឹងឆ្នាំ២០២០ គឺថយចុះ៥០៩លើក ស្លាប់ថយចុះ១៤៩នាក់ និងរបួសថយចុះ១០៧១នាក់។

ពាក់ព័ន្ធនឹងស្ថានភាពចរាចរណ៍នេះ សម្ដេចបានផ្ដល់អនុសាសន៍ឱ្យគ្រប់សមាសភាពនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍តាមគ្រប់រូបភាព និងឱ្យបានទូលំទូលាយ ត្រូវពង្រឹងបន្ថែមទៀតគុណភាពសាលាបង្រៀនបើកបរ បង្កើនការបំពាក់ភ្លើងស្តុប ស្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ និងរិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀតដើម្បីពង្រឹងការអនុវត្តច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕