(អូស្ត្រាលី)៖ ជនភៀសខ្លួនមួយរូបមកពីប្រទេសអ៊ីរ៉ង់ បានដុតខ្លួនឯងនៅក្នុងអំឡុង នៃការតវ៉ាមួយ នៅជុំរុំជនភៀសខ្លួនក្នុងកោះ Nauru របស់ប្រទេសអូស្ត្រាលី ហើយក្រោយពីអាជ្ញាធរបញ្ជូនទៅកាន់ មន្ទីរពេទ្យមិនបានប៉ុន្មានផង ជនរូបនោះក៏បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០១៦។

ចាប់តាំងពីមានកំណើនជនភៀសខ្លួន និង ការបន្លំខ្លួនរបស់ពួកភេរវករនោះមក អាជ្ញាធរអូស្ត្រាលី បានធ្វើការរឹតបន្តឹងខ្លាំង ចំពោះនយោបាយការពារព្រំដែននានារបស់ខ្លួន ជាពិសេសនោះគឺ ការបង្កើនកងកម្លាំងជំនាញការពារ ការឆ្លងដែនសមុទ្រខុសច្បាប់ចូលមកក្នុងទ្វីបមួយនេះ។

ចំពោះជនជាតិអ៊ីរ៉ង់ ដែលបានដុតខ្លួនឯងកាលពីដើមសប្តាហ៍នេះ គឺជាបុរសវ័យ ២៣ឆ្នាំម្នាក់។ បន្ទាប់ពីកើតហេតុភ្លាមៗ លោកត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់មន្ទីរពេទ្យទីក្រុង Brisbane ប៉ុន្តែដោយសារតែ អការៈធ្ងន់ធ្ងរពេក ជនភៀសខ្លួនរូបនោះក៏បានបាត់បង់ជីវិតនៅថ្ងៃសុក្រ នេះ។

យ៉ាងណាក៏ដោយក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានចូលរួមរំលែកទុក្ខចំពោះភរិយា និង មិត្តភក្តិ របស់ជនរងគ្រោះខាងលើនេះ ហើយក៏បានបញ្ជាកម្លាំងរបស់ខ្លួន ឲ្យរារាំងមិនឲ្យមានការតវ៉ា ប្រភេទនេះកើតឡើងទៀតដែរ៕