(ភ្នំពេញ)៖ កម្លាំងគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ បានឈានដល់ការឃាត់ខ្លួនជនគ្រឿងញៀនចំនួន៣នាក់ បន្ទាប់ពីឆែកឆេរកឃើញថ្នាំញៀនចំនួន៦កញ្ចប់ ដែលក្រុមជនសង្ស័យបានរក្សាទុកធ្វើសកម្មភាពជួញដូរ។ ប្រតិបត្តិការខាងលើត្រូវ បានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខសួនច្បារសូគីម៉ិច តាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនត្រូវឃាត់ខ្លួនពាក់ព័ទ្ធ បទល្មើសគ្រឿងញៀនរួមមានទី១-ឈ្មោះជិន ជេម អាយុ២១ឆ្នាំ មានមុខរបរ និងស្នាក់នៅ មិនពិតប្រាកដ ទី២-ឈ្មោះ ទូច មី អាយុ២២ឆ្នាំ មានមុខរបរមិនពិតប្រាកដស្នាក់ នៅផ្ទះជួល សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ និងទី៣-ឈ្មោះញ៉ ស្រីលក្ខ អាយុ២១ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការឃាត់ខ្លួនជន​ ត្រូវសង្ស័យទាំង៣នាក់ខាងលើនេះ ខណៈដែលកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវរួមសហការ និងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ឫស្សីកែវ បន្តដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅចំណុចខាងលើស្របពេល និងក្រុមជនសង្ស័យប្រុសស្រីទាំង៣នាក់បាន បើកជិះម៉ូតូ១គ្រឿងឆ្លងកាត់គោលដៅ របស់សមត្ថកិច្ចដោយមានការសង្ស័យក៍ឃាត់ឆែកឆេបានរកឃើញវត្ថុតាង ថ្នាំញៀនចំនួន៦កញ្ចប់ ជាប្រភេទម៉ាទឹកកកក្នុងនោះមាន១កញ្ចប់ធំ និង៥កញ្ចប់តូច ដែលក្រុមជនត្រូវជាប់សង្ស័យបានរក្សាទុកធ្វើសកម្មភាពប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនខុសច្បាប់ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានដកហូតទូរស័ព្ទដៃចំនួន៤គ្រឿង ដាវកែឆ្នៃ១ដើម ម៉ូតូ១គ្រឿងម៉ាកវ៉េវអ៊ី ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ1E-3537 និងថវិកាមួយចំនួនផងដែរ។

មន្ត្រីនគរបាលបានបន្តថា បច្ចុប្បន្នក្រុមជនត្រូវសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួនសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តរៀបចំកសាងសំណុំរឿងបញ្ជូន ទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕