(សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានប្រជាពលរដ្ឋ និងយុវជនខ្មែរ ព្រមទាំងពលករកូរ៉េ ចេញមកទទួលស្វាគមន៍រាក់ទាក់ និងកក់ក្តៅជាទីបំផុត នៅពេលដែលសម្តេចបានអញ្ជើញទៅដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងសេអ៊ូល។

ការទទួលស្វាគមន៍យ៉ាងច្រើនកុះករនេះ បង្ហាញនូវការគោរពស្រឡាញ់គាំទ្រចំពោះសម្តេចតេជោ ប្រមុខដឹកនាំកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោ បានចូលរួមខិតខំជួយជំរុញ និងលើកតម្កើងនូវសន្តិភាព ដល់ពិភពលោកទៀតផង។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅវេលាម៉ោង១២៖៥២នាទីរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជាត្រូវនឹងម៉ោងប្រមាណ ២៖៥២នាទីរសៀលម៉ោង នៅទីក្រុងសេអ៊ូល)។

នៅសណ្ឋាគារឡូតេវើល ដែលជាទីកន្លែងស្នាក់អាស្រ័យរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីលោក Yun Young-Ho អគ្គនាយកអង្គការសហព័ន្ធសន្តិភាពសកល លោកបណ្ឌិត Thomas G Walsh ប្រធានអអ្គការសហព័ន្ធសន្តិភាពសកល ព្រមទាំងវត្តមាន អស់លោក លោកស្រី នៃអង្គការសហព័ន្ធសន្តិភាពសកល រួមទាំងនិស្សិតនិងបងប្អូនជនរួមជាតិកម្ពុជា ដែលកំពុងបំពេញការសិក្សា និងប្រកបការងារនៅសាធារណរដ្ខកូរ៉េជាច្រើនរូប។

សម្តេចតេជោ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»

យោងតាមការជូនព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ទើបត្រឡប់មកកម្ពុជាវិញ៕